១) ប្រវត្តិសង្ខេបសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត
- កំណើត៖ សម្តេចព្រះមហាសុមេធាធិបតីជួន ណាត ប្រសូតនៅថ្ងៃអង្គារ ទី ១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះបិតានាមជួន ព្រះមាតានាម យក់ ។ គ្រួសារនេះមានបុត្រតែពីរគត់គឺសម្តេច និងឧកញ៉ាសោភណមន្ត្រី ជួន នុត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។
- ប្រវត្តិការសិក្សា៖ សម្តេច ជួន ណាត កាលនៅកុមារបានសិក្សាអក្សរ និងលេខដរាបដល់ជន្មាយុ ១៤ ឆ្នាំ បានបួសជាសាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បួសជាសាមណេរនៅវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេច ជួន ណាត បានបួសជាសាមណេរបានពីរឆ្នាំ ហើយបានចូលសិក្សាព្រះបរិយត្តិធម៌នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញជន្មាយុគ្រប់ ២១ ឆ្នាំ បានទៅសូមបំពេញឧបសម្បទាជាភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤។
- ប្រវត្តិការងារ៖ សម្តេច ជួន ណាត ធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការកាន់កិច្ចការផ្ទាល់ នៅឆ្នាំ ១៩១៩, ឆ្នាំ ១៩២៥ សម្តេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយ, ឆ្នាំ១៩២៦ ជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរ និងសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំង-ខ្មែរ នៅក្រុងភ្នំពេញ, ឆ្នាំ១៩២៧ ជាសមាជិកក្រុមជំនុំផ្ទៀងសម្រេចវចនានុក្រមខ្មែរ ហើយបានទទួលធ្វើវចនានុក្រុមតែមួយព្រះអង្គឯងដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ ១ និងភាគ ២, ឆ្នាំ១៩២៧ ជាសមាជិកនៃក្រុមអភិបាលជំនុំផ្តាច់ឆ្នាំសម្រាប់ព្រះរាជបណ្ណាល័យកម្ពុជា, ឆ្នាំ១៩៣០ ជាចាងហ្វាងរងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ, ឆ្នាំ១៩៣០ ជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យ, ឆ្នាំ១៩៣២ ជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះទៅក្នុងវចនានុក្រមខ្មែរ, ឆ្នាំ១៩៣៣ ជាសមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ, ឆ្នាំ១៩៣៤ ជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរ ប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ, ឆ្នាំ១៩៣៥ ជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ, ឆ្នាំ១៩៤២ ជាចាងហ្វាងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ (ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត), ឆ្នាំ១៩៤៤ ជាចៅអធិការវត្តឧណ្ណាលោម, ឆ្នាំ១៩៤៥ ជាអធិបតីនៃថេរសភាគឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃ, ឆ្នាំ១៩៤៧ ជាអនុប្រធានគណៈកម្មការវប្បធម៌ ផ្នែកអក្សរ (ក) នៃគណៈកម្មការជាតិខាងការសិក្សា, ឆ្នាំ១៩៤៨ ជាប្រធាននៃគណៈកម្មការធម្មវិន័យ ពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យ ក្នុងព្រះរាជាណាចក្រ, ឆ្នាំ១៩៦១ រហូតមក សម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តពីសមាគមអ្នកនិពន្ធខ្មែរ ធ្វើជាប្រធាននៃការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមសំឡេងវិទ្យុជាតិរាល់ថ្ងៃសុក្រ, ឆ្នាំ១៩៦៨ ទ្រង់ទទួលព្រះឋានៈជាព្រះប្រធាននៃគណៈកម្មការពិនិត្យស្នាដៃអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ, ឆ្នាំ១៩៦៩ ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ និង១៩៦៩ ជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
- គ្រឿងឥស្សរិយយស៖ សម្តេច ជួន ណាត
ទទួលបានមេដាយអស្សរឹទ្ធិមុនីសារាភរណ៍នៅឆ្នាំ ១៩១៧, ឆ្នាំ ១៩៣២
មេដាយអស្សរឹទ្ធិព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៣២ មេដាយអស្សរឹទ្ធិដំរីមួយលាន
និងស្វេតច្ឆត្រ ប្រទេសលាវ, ឆ្នាំ១៩៣៧ មេដាយសេនានៃបណ្ឌិត្យសភា
សាធារណរដ្ឋបារាំង, ឆ្នាំ១៩៤២ មេដាយអស្សរឹទ្ធិ ដឺឡាឡេស្យុង ដុណ្ណើរ
នៃសាធារណរដ្ឋបារាំង, ឆ្នាំ១៩៤៤ មេដាយសេនានៃព្រះរាជាណាចក្រកម្ពុជា,
ឆ្នាំ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង,
ឆ្នាំ១៩៤៨ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំង,
ឆ្នាំ១៩៦២ មេដាយមហាសិរីវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ១៩៦៣
មេដាយមហាសិរីវឌ្ឍន៍សុវត្ថារា និងឆ្នាំ១៩៦៩
មេដាយជាតូបការដែលជាគ្រឿងឥស្សរិយយសធំបំផុត
ក្នុងព្រះរាជាណាចក្រកម្ពុជា។
អត្ថបទផ្សេងយោងតាម៖ -
លោកនង លន់ លេខាធិការនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងកំណត់ត្រាចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៦៩ បានរៀបរៀង ចងក្រងព្រះរាជជីវប្រវត្តិ និងស្នាព្រះហស្តនៃសម្តេចព្រះមហាសុមេធាធិបតីជួន ណាត ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ ។
សម្តេចព្រះមហាសុមេធាធិបតីជួន ណាត ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ពុទ្ធសករាជ ២៤២៧ គឺថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះបិតានាមជួន ព្រះមាតានាម យក់ ។ គ្រួសារនេះមានបុត្រតែពីរគត់គឺសម្តេច និងឧកញ៉ាសោភណមន្ត្រីជួន នុត ។
កាលនៅជាកុមារបានសិក្សាអក្សរ និងលេខដរាបដល់ជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៤៤១ (ឧសភា ១៨៩៧) នៅវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បួសជាសាមណេរបានពីរឆ្នាំ ក្នុងពុទ្ធសករាជ២៤៤៣ គ្រឹស្តសករាជ១៨៨៩ សម្តេចបានចូលសិក្សាព្រះបរិយត្តិធម៌នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះបានជន្មាយុគ្រប់២១ឆ្នាំ បានទៅសូមបំពេញឧបសម្បទាជាភិក្ខុនៅថ្ងៃ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៤៤៨ ( មិថុនា ១៩០៤) នៅវត្តពោធិព្រឹក្ស ដែលជាវត្តដើម បាននិមន្តព្រះតេជគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ កាលនៅជាចៅអធិការវត្តពោធិ៍ព្រឹក្ស ជាឧបជ្ឈាយ៍ ព្រះតេជគុណកែ ម៉ម មិស្សនាគោ ជាគ្រូសូត្រធម្មវាចាចារ្យ និងព្រះតេជព្រះគុណ អីុន ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រអនុស្សាវនាចារ្យ ។ សម្តេចបានទ្រង់ទទួលនាមប្បញ្ញត្តិថា ជោតញ្ញាណោ ។ បានទ្រង់បំពេញជាភិក្ខុហើយ សម្តេចនិមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោមវិញ ។
ចំណេះវិជ្ជា និងកិច្ចការដែលទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនាក្រៅពីភាសាខ្មែរដែលសម្តេចទ្រង់បានស្រាវជ្រាវយង់យល់ឫសគល់ពិតប្រាកដ សម្តេចចេះភាសាបាលីអាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ បានឥតមានទើសទាក់ ។
នៅពុទ្ធសករាជ២៤៦៦ និង២៤៦៧ (១៩២២-១៩២៣) កាលនៅជាព្រះគ្រូសង្ឃសត្ថា បានទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេសនាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វ៊ី ណូត៍ ជាតិបារាំងសែសជាចាងហ្វាងសាលានេះ ។
សម្តេចទ្រង់ចេះអក្សរ និងភាសាសៀម-លាវ យ៉ាងជាក់លាក់ និងភាសាបារាំងសែសល្មមប្រាស្រ័យការបាន ដោយសំនៀងគួរសរសើរ ភាសាអង់គ្លេសនិងភាសាវៀតណាមផង ។
នៅពុទ្ធសករាជ២៤៥៧ គ្រឹស្តសករាជ១៩១៣ សម្តេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម (វិហារព្រះកែវមរកត) ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ ។
ពុទ្ធសករាជ២៤៥៩គ្រឹស្តសករាជ១៩១៥ សម្តេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះថា ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ។
ពុទ្ធសករាជ២៤៦៣ គ្រឹស្តសករាជ១៩១៩ សម្តេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការកាន់កិច្ចការផ្ទាល់ លុះត្រាបានចាប់ចុងចប់ដើម ។
ពុទ្ធសករាជ២៤៦៩ គ្រឹស្តសករាជ១៩២៥ សម្តេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវនៃសៀវភៅនានាដែលសាលាបាលីជាន់ខ្ពស់បោះពុម្ពផ្សាយ ។
ពុទ្ធសករាជ២៤៧០ គ្រឹស្តសករាជ១៩២៦ តមកជាច្រើនឆ្នាំ សម្តេចព្រះសង្ឃរាជជួន ណាតបានទទួលការតែងតាំងជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនបត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាបត្របឋមសិក្សាជាន់ខ្ពស់បារាំង-ខ្មែរ នៅក្រុងភ្នំពេញ ។
ពុទ្ធសករាជ២៤៧១ គ្រឹស្តសករាជ ១៩២៧ សម្តេចទ្រង់បានទទួលការតែងតាំងជាសមាជិកក្រុមជំនុំផ្ទៀងសម្រេចវចនានុក្រមខ្មែរ ហើយសម្តេចទ្រង់បានទទួលធ្វើវចនានុក្រុមតែមួយព្រះអង្គឯងដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ១ និងភាគ២ ។
ក្នុងឆ្នាំដដែលនេះ សម្តេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមអភិបាលជំនុំផ្តាច់ឆ្នាំសម្រាប់ព្រះរាជបណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃហៅថា បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ ។
ពុទ្ធសករាជ២៤៧៤ គ្រឹស្តសករាជ១៩៣០ សម្តេចបានទ្រង់ទទួលការតែងតាំងក្នុងមុខងារជាចាងហ្វាងរងនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ ហើយនៅក្នុងឆ្នាំដដែលនោះសម្តេចទ្រង់បានទទួលការតែងតាំងជាសមាជិកជំនួយនៃក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធសាសនបណ្ឌិត្យទៀត ។
ពុទ្ធសករាជ ២៤៧៦ គ្រឹស្តសករាជ១៩៣២ សម្តេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះទៅក្នុងវចនានុក្រមខ្មែរ ។
ពុទ្ធសករាជ២៤៧៧ គ្រឹស្តសករាជ១៩៣៣ សម្តេចទ្រង់បានទទួលការតែងតាំងជាសមជិកនៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ ។
ពុទ្ធសករាជ២៤៧៨ គ្រឹស្តសករាជ១៩៣៤ សម្តេចបានទ្រង់ទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរ ប្រៀបធៀបនឹងពាក្យបារាំងសម្រាប់ប្រើក្នុងកិច្ចការរាជការ ។
ពុទ្ធសករាជ២៤៧៩ គ្រឹស្តសករាជ១៩៣៥ សម្តេចបានទ្រង់ទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ។
ពុទ្ធសករាជ២៤៨៦ គ្រឹស្តសករាជ១៩៤២ សម្តេចបានទ្រង់ទទួលការតែងតាំងជាចាងហ្វាងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ (ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត) ។
ពុទ្ធសករាជ២៤៨៨ គ្រឹស្តសករាជ១៩៤៤ សម្តេចបានទ្រង់ទទួលការតែងតាំងជាចៅអធិការវត្តឧណ្ណាលោម ។
ពុទ្ធសករាជ ២៤៨៩ គ្រឹស្តសករាជ១៩៤៥ សម្តេចទ្រង់ទទួលនាទីជាអធិបតីនៃថេរសភាគឺក្រុមជំនុំជាន់ខ្ពស់របស់ព្រះសង្ឃ ។
ពុទ្ធសករាជ២៤៩១ គ្រឹស្តសករាជ១៩៤៧ សម្តេចបានទ្រង់ទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ ផ្នែកអក្សរ (ក) នៃគណៈកម្មការជាតិខាងការសិក្សា ។
ពុទ្ធសករាជ២៤៩២ គ្រឹស្តសករាជ១៩៤៨ សម្តេចបានទ្រង់ទទួលនាទីជាប្រធាននៃគណៈកម្មការធម្មវិន័យ ពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យ ក្នុងព្រះរាជាណាចក្រ ។
ពុទ្ធសករាជ២៥០៥ គ្រឹស្តសករាជ១៩៦១ រហូតមក សម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តពីសមាគមអ្នកនិពន្ធខ្មែរ ធ្វើជាប្រធាននៃការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមសំឡេងវិទ្យុជាតិរាល់ថ្ងៃសុក្រ ។
គ្រឹស្តសករាជ១៩៦៨ ទ្រង់ទទួលព្រះឋានៈជាព្រះប្រធាននៃគណៈកម្មការពិនិត្យស្នាដៃអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ ។
គ្រឹស្តសករាជ ១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ ។
គ្រឹស្តសករាជ ១៩៦៩ សម្តេចព្រះសង្ឃរាជជួន ណាត ទទួលការតែងតាំងជាព្រះប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ ។
ព្រះរាជកិច្ចការដែលបានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
នៅពុទ្ធសករាជ២៤៧៥ គ្រឹស្តសករាជ១៩៣១ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូនៃមន្ត្រីសង្ឃទៅកាន់ក្រុងវៀងចន្ទន៍ និងក្រុងហ្លួងព្រះបាង ប្រទេសលាវ ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យប្រទេសលាវផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសលាវផង ។
នៅពុទ្ធសករាជ២៤៧៧ គ្រឹស្តសករាជ១៩៣៣ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូព្រះសង្ឃខ្មែរ ទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន ប្រទេសវៀតណាមខាងត្បូង ។
នៅពុទ្ធសករាជ២៤៨៣ គ្រឹស្តសករាជ១៩៣៩ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសលាវម្តងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវនៅក្នុងទីប្រជុំជន ក្នុងខេត្តនានានៃព្រះរាជាណាចក្រលាវឱ្យខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឱ្យបានត្រឹមត្រង់តាមគន្លងព្រះពុទ្ធសាសនាផង ។
នៅពុទ្ធសករាជ២៤៨៧ គ្រឹស្តសករាជ១៩៤៣ សម្តេចបានទ្រង់ទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូព៌៌ាប្រទេស ហើយនៅពុទ្ធសករាជ២៤៩២ គ្រឹស្តសករាជ១៩៤៨ សម្តេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបរៀងមក ។
ពុទ្ធសករាជ២៤៩៤ គ្រឹស្តសករាជ១៩៥០ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅប្រជុំសន្និសីទអន្តរជាតិ ដើម្បីបង្កើតពុទ្ធិកសមាគមពិភពលោក នៅក្រុងកោលម្បូលង្កាទ្វីប ។
ពុទ្ធសករាជ២៤៩៧ គ្រឹស្តសករាជ១៩៥៣ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុច្ឆន្ទៈ ប្រឹក្សាសម្រេចរឿងធ្វើឆដ្ឋសង្គាយនា នៅក្រុងរ៉ង់ហ្គូន សហភាពភូមា ។
ពុទ្ធសករាជ២៤៩៨ គ្រឹស្តសករាជ១៩៥៤ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅចូលរួមប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង នាក្រុងរ៉ង់ហ្គូនប្រទេសភូមាម្តងទៀត ។
ពុទ្ធសករាជ២៤៩៩ គ្រឹស្តសករាជ១៩៥៥ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីធ្វើឆដ្ឋសង្គាយនា ក្រុងរ៉ង់ហ្គូនប្រទេសភូមាជាលើកទីបី ដើម្បីប្រជុំ ហើយបិទពេលប្រជុំប្រចាំឆ្នាំ ។
ពុទ្ធសករាជ២៥០៣ គ្រឹស្តសករាជ ១៩៥៩ សម្តេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងហ្សាការតា និងក្រុងសឺមា៉រាំុងកោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីរួបរួមក្នុងពិធីបុណ្យវិសាខបូជា និងពិធីបញ្ចុះខណ្ឌសីមា ព្រមទាំងពិធីសន្មតរោងឧបោសថ និងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រអ្នកប្រទេសនោះចំនួន៣រូបផង ។
សមណសក្តិ ដែលសម្តេចបានទទួលដោយព្រះមហាវីរិយភាពក្នុងកិច្ចការដ៏ ធំៗ សម្តេចបានឡើងសមណស័ក្តិជាលំដាប់ដូចតទៅ ៖
ពុទ្ធសករាជ២៤៥៤ គ្រឹស្តសករាជ១៩១០ ជាព្រះបាឡាត់សាក្យបុត្តឹយ៍ (បាឡាត់របស់ព្រះសាក្យវង្ស នុត វត្តឧណ្ណាលោម) ។
ពុទ្ធសករាជ២៤៥៦ គ្រឹស្តសករាជ១៩១២ សម្តេចព្រះសង្ឃរាជជួន ណាត បានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រមសម្រាប់ឯករបស់សម្តេចព្រះមហាសង្ឃរាជព្រះនាមទៀង) ។
ពុទ្ធសករាជ២៤៧៥ គ្រឹស្តសករាជ១៩៣១ សម្តេចបានឡើងសមណសក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស) ។
ពុទ្ធសករាជ២៤៨៤ គ្រឹស្តសករាជ១៩៤០ សម្តេចបានឡើងសមណសក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទោ) ។
ពុទ្ធសករាជ២៤៨៨ គ្រឹស្តសករាជ១៩៤៤ សម្តេចបានឡើងសមណសក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ឯក) ។
ពុទ្ធសករាជ ២៤៩២ គ្រឹស្តសករាជ១៩៤៨ សម្តេចបានឡើងសមណសក្តិជាន់ខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ។
ពុទ្ធសករាជ២៤៩៤ គ្រឹស្តសករាជ ១៩៥០ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់បានប្រោសព្រះរាជទាន ព្រះឋានៈជា សម្តេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ។
មួយវិញទៀត រដ្ឋាភិបាលនៃសហភាពភូមា បានប្រគេនព្រះឋានៈសម្តេច ជាព្រះអគ្គមហាបណ្ឌិតនៃសហភាពភូមា នៅពុទ្ធសករាជ២៤៩៨ គ្រឹស្តសករាជ១៩៥៤ ។
លុះមកដល់ពុទ្ធសករាជ២៥០១ គ្រឹស្តសករាជ១៩៥៧ រដ្ឋាភិបាលនៃសហភាពភូមាបានសុំដំឡើងព្រះឋានៈសម្តេច ជាព្រះអភិធជមារដ្ឋគរុ នៃសហភាពភូមា ដែលជាសមណសក្តិដ៏ខ្ពង់ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា ។
ក្នុងខែកុម្ភៈ គ្រឹស្តសករាជ១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយឋានៈព្រះអង្គជាព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង ។
ពុទ្ធសករាជ២៥០៧ គ្រឹស្តសករាជ១៩៦៣ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសព្រះរាជទានប្រគេនព្រះឋានៈសម្តេច ជាសម្តេចព្រះសង្ឃរាជថ្នាក់ទី១ ។
សម្តេចព្រះសង្ឃរាជ ជាម្ចាស់ទ្រង់បានទទួលសញ្ញាបត្របណ្ឌិតអក្សរសាស្ត្រពេញលក្ខណៈពីសម្តេចព្រះប្រមុខរដ្ឋ ក្នុងនាមនៃមហាវិទ្យាល័ យអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃភូមិន្ទសាកលវិទ្យាល័យនាថ្ងៃទី២៨ ឧសភា ១៩៦៧ ។
គ្រឿងឥស្សរិយយស
សម្តេចបានទទួលគ្រឿងឥស្សរិយយសដូចតទៅ ៖
មេដាយអស្សរឹទ្ធិមុនីសារាភរណ៍នៅពុទ្ធសករាជ២៤៦១ គ្រឹស្តសករាជ ១៩១៧ ។
មេដាយអស្សរឹទ្ធិព្រះរាជាណាចក្រកម្ពុជា ពុទ្ធសករាជ ២៤៧៦ គ្រឹស្តសករាជ ១៩៣២ ។
មេដាយអស្សរឹទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវនៅពុទ្ធសករាជ ២៤៧៦ គ្រឹស្តសករាជ ១៩៣២ ។
មេដាយសេនានៃបណ្ឌិត្យសភា សាធារណរដ្ឋបារាំង នៅពុទ្ធសករាជ ២៤៨១ គ្រឹស្តសករាជ១៩៣៧ ។
មេដាយអស្សរឹទ្ធិ ដឺឡាឡេស្យុង ដុណ្ណើរ នៃសាធារណរដ្ឋបារាំង នៅពុទ្ធសករាជ ២៤៨៦ គ្រឹស្តសករាជ ១៩៤២ ។
មេដាយសេនានៃព្រះរាជាណាចក្រកម្ពុជា ពុទ្ធសករាជ ២៤៨៨ គ្រឹស្តសករាជ១៩៤៤ ។ មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំងនៅពុទ្ធសករាជ ២៤៩២ គ្រឹស្តសករាជ ១៩៤៨ ។
មេដាយសេនាដឺឡាឡេស្យុងដុណ្ណើរ នៃសាធារណរដ្ឋបារាំងនៅពុទ្ធសករាជ ២៤៩២ គ្រឹស្តសករាជ ១៩៤៨ ។
មេដាយមហាសិរីវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជានៅពុទ្ធសករាជ ២៥០៥ គ្រឹស្តសករាជ១៩៦២។
មេដាយមហាសិរីវឌ្ឍន៍សុវត្ថារា ពុទ្ធសករាជ២៥០៦ គ្រឹស្តសករាជ ១៩៦៣ ។
មេដាយជាតូបការដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជានៅពុទ្ធសករាជ ២៥១៣ គ្រឹស្តសករាជ១៩៦៩ ។
កិច្ចការជាស្នាព្រះហស្តនៃសម្តេច
កិច្ចការឯទៀតក្រៅពីមុខការខាងលើនេះ ដែលសុទ្ធសឹងតែជាការមានប្រយោជន៍ជាសាធារណៈក្នុងព្រះពុទ្ធសាសនា និងប្រទេសជាតិនោះ នៅមានច្រើនជាអនេក និយាយដោយសង្ខេប គឺចាប់តាំងពីឆ្នាំឆ្លូវ សប្តស័ក ពុទ្ធសករាជ ២៤៧០ គ្រឹស្តសករាជ១៩២៥ រៀងមក សម្តេចបានទ្រង់ធ្វើការឧបត្ថម្ភ វត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ) ក្នុងសង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានព្រំប្រទល់ជាប់គ្នានឹងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាទីជាតិភូមិរបស់សម្តេច ដោយសម្តេច បានជាវទឹកដីជុំវិញវត្តចំនួនជាង៣ហិកតា ពង្រីកទីវត្តឱ្យបានធំទូលាយច្រើនជាងពីដើម ។
បានជួយឧបត្ថម្ភលើកថ្នល់ភ្ជាប់ពីថ្នល់ជាតិចូលវត្តសុរភី និងវត្តពោធិព្រឹក្ស រួមចម្ងាយ៣គីឡូម៉ែត្រ ព្រមទាំងបានឧបត្ថម្ភឱ្យថ្នល់លំនេះ បានចាក់ក្រួសបាយក្រៀម អាចឱ្យប្រើការដោយងាយស្រួលផង ។
បានស្ថាបនាវិហារពីបេតុងអារម៉េ ពុទ្ធិកបឋមសិក្សា និងរៀបចំទីវត្តទាំងមូលមានទេសភាពសមរម្យគួរជាទីរីករាយទៅតាមសម័យនិយម ។
បានស្ថាបនាស្ពានធំ១ តូច១ សុទ្ធតែបេតុងអារម៉េ ឆ្លងស្ទឹងតូច រាំងព្រំប្រទល់សង្កាត់រកាកោះ និងសង្កាត់រលាំងកែន ។
បានស្ថាបនាសាលាបឋមសិក្សាបំពេញវិជ្ជា (សុរភីពោធិព្រឹក្ស) ៣ខ្នង តាំងពីគ្រឹស្តសករាជ ១៩៤៨ ហើយទ្រង់បានជួយឧបត្ថម្ភសាលានេះរហូតដល់ឡើងដល់ថ្នាក់ទី៧ទំនើប សម្រាប់ឱ្យកូនចៅអ្នកស្រុកចំណុះវត្តសុរភី និងវត្តពោធិព្រឹក្សរៀនសូត្រ ។
បានស្ថាបនាខ្លោងទ្វារបេតុងអារម៉េ១ បានស្ថាបនាអាវសថសាលា(សាលាសំណាក់)១ខ្នង ។
បានឱ្យជីកស្រះទំហំ១០០ម៉ែត្រ៤ជ្រុង ។
បានជួយឧបត្ថម្ភឱ្យជីកអណ្តូងយោង១៦កន្លែង អណ្តូងបុកប្រើស្នប់៣កន្លែង ។
បានស្ថាបនាគិលានដ្ឋាន១ខ្នង ប្រសូតគ្រឹះ (មន្ទីរសម្ភព) ១ខ្នង ដោយបេតុងអារម៉េ និងកំពែងបេតុងអារម៉េបណ្តោយ១០០ម៉ែត្រ ទទឹង៥២ម៉ែត្រ ព័ទ្ធជុំវិញមន្ទីរទាំង២ខ្នងនេះ ។
បានស្ថាបនាអគារគព្ពិនីសំណាក់ក្នុងកំពែងនេះដែរ ។
បានស្ថាបនាអគារបេតុងអារម៉េ ២ខ្នង សម្រាប់គិលានសមណៈ នៅក្រៅកំពែងនោះ ។
បានជាវទីដីចំនួន៣ហិកតាកន្លះ ហើយទ្រង់សព្វព្រះរាជហឫទ័យលះបង់ទីដែលបានជាវហើយនេះជូនទៅរាជរដ្ឋាភិបាល ឱ្យស្ថាបនាអគារមណ្ឌលនីតិកម្ម (ប៉ុស្តិ៍ប៉ូលិស) និងមន្ទីររាជសហករណ៍ ។
បានចាត់ការឱ្យលើកទំនប់ទឹកមួយកន្លែង មានបណ្តោយ៩០០ម៉ែត្រ ទទឹង៨០០ម៉ែត្រ ។
បានឱ្យវេយ្យាវច្ចករដាំដំណាំនៅលើដីជិតអាស្រមមនោរម្យ ដើម្បីជាប្រយោជន៍ដល់គិលានដ្ឋាន និងប្រសូតគ្រឹះនៅក្នុងអនាគតកាល ។ល។
(ស្ថាបនកម្មទាំងនេះ នៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ) ។
កិច្ចការជាស្នាព្រះហស្តខាងអក្សរសាស្ត្រ
សម្តេចបានកសាងគម្ពីរដីកាជាច្រើន បានទាំងប្រែភាសាបាលី ហើយរៀបរៀងធ្វើជាសៀវភៅ ដែលកម្រនឹងធ្វើកើតដែលមានប្រយោជន៍ច្រើននោះគឺ ៈ
វចនានុក្រមខ្មែរភាគ១និងភាគ២ ពុទ្ធសករាជ ២៤៦១ គ្រឹស្តសករាជ១៩២០ និងឆ្នាំ តៗរៀងមក ។
កច្ចាយនូបត្ថម្តកៈ (វេយ្យាករណ៍បាលី) មាន២ភាគ ចាប់ផ្តើមធ្វើនៅពុទ្ធសករាជ២៤៦២ គ្រឹស្តសករាជ១៩២០ ។
គិហិបដិបត្តិ ក្នុងពុទ្ធសករាជ២៤៦៨ គ្រឹស្តសករាជ១៩២៦ ។
សាមណេរវិន័យ ក្នុងពុទ្ធសករាជ២៤៦០ គ្រឹស្តសករាជ១៩១៧ ។
បាតិមោក្ខសង្ខេប (សម្រាយ) ពុទ្ធសករាជ២៤៧០ គ្រឹស្តសករាជ១៩២៨ មានសៀវភៅ ឯទៀតៗជាច្រើនដែលជាការបន្ទាប់បន្សំគឺ ៈ
កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងពុទ្ធសករាជ២៥០០ ។
បព្វជ្ជូបសម្បទា ពុទ្ធសករាជ២៥០០ គ្រឹស្តសករាជ ១៩៥៧ ។
នាគោបមាទិកថា ពុទ្ធសករាជ២៤៧៥ គ្រឹស្តសករាជ១៩៣៣ ។
សុភមង្គលគាថា បឋ្យាវត្ត៧គាថា ជាភាសាបាលី និងប្រែ សម្រាប់សូត្រថ្វាយសុភមង្គលសិរីសួស្តី ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងពុទ្ធសករាជ២៤៨៤ គ្រឹស្តសករាជ១៩៤១ ។
អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្តី កម្ពុជសុរិយា របស់ពុទ្ធសាសនបណ្ឌិត្យតាំងពីក្នុងឆ្នាំ១៩២៦ ។
អត្ថបទ ផ្សេងៗក្នុងទស្សនាវដ្តីពន្លឺពុទ្ធចក្ររបស់ពុទ្ធិកសមាគម មជ្ឈមណ្ឌលកម្ពុជរដ្ឋ ។
ជាពិសេស ស្នាព្រះហស្តដែលរំលឹកឃើញរាល់ថ្ងៃ គឺព្រះរាជនិពន្ធបទ «នគររាជ» សម្រាប់ភ្លេងជាតិខ្មែរ ព្រះរាជនិពន្ធពីថ្ងៃទី២០ កក្កដា ១៩៤១ និងបទសរភញ្ញ ដែលទ្រង់បាននិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ២៥០០ ។
អវសានកាល
នៅពេលរសៀលនៃថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ពុទ្ធសករាជ២៥១៣ ត្រូវនឹងថ្ងៃទី២៣ កញ្ញា ១៩៦៩ វេលាម៉ោង៣និង៤៥នាទី សម្តេចទ្រង់ព្រះប្រឈួនក្រោយពេលដែលគ្រូពេទ្យទាំងឡាយបានចូលព្យាបាល ឃើញថាព្រះអាការរោគមិនជាធ្ងន់ប៉ុន្មាន ប៉ុន្តែក្រសួងសុខាភិបាលក៏បានចាត់គ្រូពេទ្យឱ្យទៅរក្សាព្រះអាការរោគ និងប្រកបឱសថថ្វាយជាដរាប រហូតដល់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ពុទ្ធសករាជ២៥១៣ ត្រូវនឹងថ្ងៃទី ២៥ កញ្ញា ១៩៦៩ វេលាម៉ោង២០និង២០នាទី ព្រះអស្សាសប្បស្សាសៈ នៃព្រះអង្គ បានចាកចេញពីព្រះកាយ ទ្រង់សោយទិវង្គត ដោយស្ងប់ស្ងៀមនៅក្នុងព្រះដំណាក់ព្រះអង្គនាវត្តឧណ្ណាលោម ។
ក្នុងរយៈកាលដែលសម្តេចទ្រង់ព្រះប្រឈួននេះ ឯកឧត្តមអឹុង ហុងសាធ តាមព្រះរាជបញ្ជានៃសម្តេចព្រះប្រមុខរដ្ឋ បានចាត់អស់លោកវេជ្ជបណ្ឌិតខ្មែរ-បារាំង ដ៏ ជំនាញៗទាំងឡាយឱ្យខ្វល់ខ្វាយ ព្យាបាលព្រះអាការរោគព្រះអង្គយា៉ងពេញលេញសមត្ថភាព ប៉ុន្តែធ្វើម្តេចឡើយនឹងយកជ័យជម្នះលើស្តេចមច្ចុបាន ។
សម្តេចព្រះសង្ឃរាជជាអម្ចាស់ទ្រង់បានដឹងព្រះអង្គជាមុន ចាប់តាំងពីថ្ងៃព្រះប្រឈួនទ្រង់មានព្រះបន្ទូលប្រាប់ព្រះសង្ឃ និងអស់លោកដែលទៅថ្វាយបង្គំសាកសួរព្រះសុខភាពថា «ខ្ញុំកូណា អាត្មាហាក់ដូចជាគ្មានសង្ឃឹមទេ...» ព្រះរាជបន្ទូលនេះធ្វើឱ្យយើងរាល់គ្នាមានសេចក្តីរន្ធត់តក់ស្លុតពន់ពេក ប៉ុន្តែយើងរាល់គ្នានៅតែជឿជាក់ថា ព្រះអង្គនឹងនៅគង់ព្រះជន្មាយុតទៅទៀត ព្រោះបានសង្កេតឃើញព្រះសិរីរាការៈរបស់ព្រះអង្គពុំមានប្រែប្រួលអ្វីប៉ុន្មាន ទ្រង់មានព្រះស្មារតីរឹងប៉ឹងល្អណាស់អាចមានព្រះបន្ទូលសាសងសំណេះសំណាលជាហូរហែអំពីសិង្គុតរចេតិយ និងអំពីការបោះពុម្ពវចនានុក្រមខ្មែរ ដែលព្រះអង្គបានខិតខំកែសម្រួលបន្ថែមពាក្យជាច្រើនទៀត ជាមួយនឹងអស់លោកដែលមកក្រាបបង្គំគាល់សាកសួរព្រះសុខភាពរបស់ព្រះអង្គ មិនគួរឡើយប្រែប្រួលទៅជាសោយព្រះទិវង្គតសោះ។ យើងរាល់គ្នាមានសេចក្តីសោកស្តាយ អាឡោះអាល័យនិងរកវត្ថុអ្វីមកប្រៀបផ្ទឹមពុំបាន ៕
២)
ប្រវត្តិសង្ខេបលោក ស៊ីន ស៊ីសាមុត
- កំណើត៖ លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី ២៣ សីហា ១៩៣២ និងស្លាប់ទៅវិញនៅថ្ងៃទី ១៨ ឧសភា ១៩៧៦ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
- គ្រួសារ៖ លោក ស៊ីន ស៊ីសាមុត មានបងប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) លោកតាជាកូនពៅ ហើយមានឪពុកឈ្មោះ ស៊ីន-លាង ជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង និងម្តាយឈ្មោះ ស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។
- ប្រវត្តិការសិក្សា៖ លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេលអាយុ ៥ ឆ្នាំ។ នៅឆ្នាំ ១៩៥១ បានបញ្ចប់ការសិក្សាចំណេះទូទៅ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោក។ លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា។
- ប្រវត្តិសិល្បះ៖ លោក ស៊ីន ស៊ីសាមុត កាលអាយុ ៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រដេញម៉ង់ដូលីន និងចាប៉ី ជាញឹកញាប់ លោកត្រូវបានសាលាសុំឲ្យលេងម៉ង់ដូលីនក្នុងពិធីបុណ្យផ្សេង ៗ នៅសាលា។ ទោះជាមមាញឹកការសិក្សាសាលាវេជ្ជសាស្ត្រ លោកតាឆ្លៀតពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ។ នៅឆ្នាំ ១៩៥១ បានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទស្មី ដែលមានសមាជិក ៩ នាក់។ នៅឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោក ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយក្រុមតន្ត្រីវិទ្យុជាតិ ឈ្មោះ រាជសីហ៍។ ១៩៦៣ បានចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ ហើយនៅឆ្នាំ ១៩៧១ ទូរទស្សន៍សាធារណរដ្ឋ បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នូវបទ “ចំប៉ាបាត់ដំបង” ដែលជាបទដំបូងគេបង្អស់ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ ១៩៦៦ លោកតា បានចាប់ផ្តើមថតចម្រៀង ជាមួយអ្នកស្រី ប៉ែន-រ៉ន និងឆ្នាំ ១៩៦៧ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករជាមួយនឹងបទស្ទឹងខៀវ។ នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។
៣)
ប្រវត្តិសង្ខេបលោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ
- កំណើត៖ លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ ទីកន្លែងកំនើតនៅស្រុករាម (ជំនាន់នោះ) ក្នុងខេត្តកំពត លោកតាមានកូនប្រុស ៣ នាក់ និងកូនស្រី ៣ នាក់ តែកូនប្រុសស្រីចំនួន ៥ នាក់ កំពុងតែរស់នៅក្នុងប្រទេសបារាំង ខណៈកូនស្រីពៅ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
- ប្រវត្តិការសិក្សា៖ លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញឆ្នាំ១៩៤៤។ឆ្នាំ១៩៤៦ បានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីសិក្សានៅទីនោះ រយៈពេលមួយឆ្នាំ លោកបានប្ដូរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ បន្ទាប់មកលោកតាបានបន្តសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំណេះដឹង និងទេពកោសល្យដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
- ប្រវត្តិការងារ៖ លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ជាប្រធានស្ថាបត្យករនៅកម្ពុជាឆ្នាំ១៩៥៦, ឆ្នាំ១៩៦៥-១៩៦៧ ជាព្រឹទ្ធបុរសទី ១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ឆ្នាំ១៩៩៣ ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល។ លោកធ្វើការអោយ UN Human Settlements Program រយៈពេល ១០ឆ្នាំ ហើយលោកតាបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។ នៅឆ្នាំ ២០០២ ធ្វើជាប្រធានអាជ្ញាធរអប្សរា និងធ្វើជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សីហនុ។
៤)
ប្រវត្តិសង្ខេបលោក ញ៉ុក ថែម
- កំណើត៖ លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។
- ប្រវត្តិការសិក្សា៖ លោក ញ៉ុក ថែម មានអាយុប្រមាណ ១០ ឆ្នាំ បានសិក្សាអក្សរសាស្ត្រភាសាជាតិ និង ពុទ្ធសាសនាក្នុងសំណាក់ព្រះគ្រូអាចារ្យ សន ដែលត្រូវជាជីតា នៅនាវត្តពោធិវាល សង្កាត់សង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង។ អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្តពោធិវាល ហើយវ័យ ១៦ វស្សា បន្តមុខវិជ្ជាផ្នែកព្រះពុទ្ធសាសនានៅបាងកក ប្រទេសសៀម ដោយធ្វើដំណើរតាមរទេះគោជាមួយពួកឈ្មួញ។ ប្រមាណជា ១០ ថ្ងៃបានទៅដល់ខេត្តបស្ចឹមបូរី ប្រទេសសៀម បន្ទាប់មកសាមណេរយើងបានចុះកប៉ាល់បន្តដំណើរ រួចឡើងរទេះភ្លើងនៅខែត្រ ប៉ែតរិវ លុះជិតព្រលប់ទើបទៅដល់ទីក្រុងបាងកក ។ ពួកឈ្មួញ បាននាំសាមណេរ ញ៉ុក ថែម ទៅស្នាក់សិក្សានៅក្នុងវត្តព្រះកេតុ នាកុដិលោកគ្រូ មហាយ៉ៅរ៍ ជាព្រះសង្ឃខ្មែរ១អង្គដែលបានគង់នៅស្រុកសៀមយូរឆ្នាំមកហើយ ។ ឆ្នាំ១៩២១ ប្រឡងជាប់ធម្មវិន័យថ្នាក់ត្រី, ឆ្នាំ១៩២៣ ប្រឡងជាប់ធម្មវិន័យថ្នាក់ទោ, ហើយវ័យ ២១ វស្សា ជាភិក្ខុភាវៈក្នុងវត្តព្រះកេតុ, ឆ្នាំ១៩២៩ ប្រឡងជាប់ជាផ្លូវការនូវសញ្ញាបត្រមហាប្រាំប្រយោគ ដែលជាថ្នាក់ខ្ពស់បំផុតផ្នែកភាសាបាលី, ឆ្នាំ១៩៣០ ត្រឡប់មកមាតុប្រទេសវិញហើយបានធ្វើជាសមាជិកក្រុមជំនុំបកប្រែព្រះត្រៃបិដក និងឆ្នាំ១៩៣៦ បានលាចាកសិក្ខាបទ។
- ប្រវត្តិការងារ៖ លោក ញ៉ុក ថែម ជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រខ្មែរ និង ផ្នែកពុទ្ធសាសនា, ជាសាស្ត្រាចារ្យភាសាបាលី, អ្នកនិពន្ធជាភាសាខ្មែរ បាលី ថៃ, ជានិពន្ធនាយកទស្សនាវដ្ដី កម្ពុជសុរិយា, តំណាងរបស់នាយិកាពុទ្ធសាសនបណ្ឌិត្យ, ធ្វើការដើម្បីទាមទារយកទឹកដីពីសៀម, ជាសមាជិកក្រុមការទូតឥណ្ឌូចិន, សមាជិក្រុមបកប្រែព្រះត្រៃបិដក, ស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរ, ឆ្នាំ១៩៣៩ ធ្វើជានិពន្ធនាយកទស្សនាវដ្ដី កម្ពុជសុរិយា, ដើមខែកុម្ភៈ ១៩៣៩ ធ្វើជាព្រះរាជតំណាងសម្តេចព្រះរាជអយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យកម្ពុជា, ឆ្នាំ១៩៤៣ ជាតំណាងរបស់អគ្គលេខាធិការពុទ្ធសាសនបណ្ឌិត, ឆ្នាំ១៩៤៥ ជាអ្នកការទូតសហភាពឥណ្ឌូចិន បារាំងសេសនៅព្រៃនគរ និងជាអ្នកបកប្រែភាសាថៃ-បារាំង-ខ្មែរ ក្នុងវិទ្យុនៃក្រុងនោះ ដើម្បីទាមទាដែនដីបាត់ដំបង និង សៀមរាប ពីសៀមមកឱ្យខ្មែរវិញ, ឆ្នាំ១៩៤៦ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ និង បង្រៀននៅវិទ្យាល័យស៊ីសុវត្ថិ, ខែមករា ១៩៤៧ ជាសមាជិក្រុមជំនុំក្រុមវប្បធម៌, ឆ្នាំ១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជាសាស្ត្រាចារ្យ, ឆ្នាំ១៩៥៧ ជាសាស្ត្រាចារ្យឧត្តមកិត្តិយសនៃវិទ្យាស្ថានគរុកោសល្យ ក្នុងមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ ព្រមទាំងពុទ្ធិកមហាវិទ្យាល័យ, ឆ្នាំ១៩៥៦ ជាស្ថាបនិកមួយរូប នៃសមាគមអ្នកនិពន្ធខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)។
៥)
ប្រវត្តិសង្ខេបលោកបណ្ឌិត កេង វ៉ាន់សាក់
- កំណើត៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ និងស្លាប់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ដោយសារជំងឺទឹកចូលសួត។ លោកបណ្ឌិត កើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមា្តយឈ្មោះ ហម អ្នក ជាអ្នកខេត្តពោធិ៍សាត់ ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ។
- ប្រវត្តិនយោបាយ៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានធ្វើសកម្មភាពផ្សេងៗក្នុងឆាកនយោបាយ និងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់ដល់ក្រុមគ្រួសារ និងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ ៣០ ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំ និងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។ នៅអាយុ ៣៧ ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យព្រះសីហនុរាជ។ លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជា គឺជា បុគ្គលិកសិក្សាលេខរៀងទី ១ ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។ ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។ ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យ និងភាពដែលអាចធ្វើទៅបានតាមការគួរ។ ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
៦)
ប្រវត្តិសង្ខេបលោក ព្រាប សុវត្ថិ
- កំណើត៖ លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៧៥ ទីកន្លែងដែលលោកកើតនៅស្រុកសង្កែ ខេត្តបាត់ដំបង លោកមានឈ្មោះហៅក្រៅថា “ស្នាយ” ដោយសារលោកបានកើតនៅក្រោមដើមស្នាយ ហើយស្រុកកំណើតម្តាយរបស់លោកនៅស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងរបបប៉ុលពតឪពុករបស់លោក ត្រូវបានប៉ុល ពត សម្លាប់ ក្នុងឆ្នាំ១៩៧៧ ហើយម្តាយរបស់លោកធ្វើស្រែ និងរែកដីនៅព្រុំប្រទល់វៀតណាម រីឯរូបលោកបានរស់មណ្ឌលក្មេងៗ។
- ប្រវត្តិការសិក្សា៖ លោកព្រាប សុវត្តិ បានប្រលងជាប់បាក់ឌុបឆ្នាំ១៩៩១ បន្ទាប់មក ប្រលងជាប់ចូលរៀននៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្នែកសេដ្ឋកិច្ច។
- ប្រវត្តិខ្សែជីវិត និងសិល្បះ៖ លោកព្រាប សុវត្តិ កាលនៅឆ្នាំ ១៩៧៧-១៩៧៩ ម្តាយរបស់លោករស់នៅទីនោះដោយរែកដី និងធ្វើស្រែឆ្ងាយៗពីផ្ទះ ខណៈរូបលោករស់នៅក្នុងមណ្ឌលកុមារ។ ឆ្នាំ១៩៨២ ម្តាយ និងរូបលោកសម្រេចចិត្តមករស់នៅភ្នំពេញ ដោយសុំទូកអ្នកផ្សេងជិះ ពេលមកដល់ភ្នំពេញទាំងពីរនាក់ម្តាយ ដើរតាមចិញ្ចើមថ្នល់ យប់ត្រង់ណា គេងត្រង់នឹង គេងតាមសំយ៉ាបផ្ទះគេ និងធ្វើជាអ្នកសុំទានគេ។ ឆ្នាំ១៩៨២ មុខរបរដំបូងម្តាយរបស់លោកបានចូលធ្វើទាហាននៅអគ្គស្នងការនយោបាយ ហើយបានរៀនផ្នែកបរិក្ខាហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃធ្វើការជាហិរញ្ញិក។ ឆ្នាំ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ។ ឆ្នាំ១៩៩០ លោកចាប់ផ្តើមច្រៀងដំបូងបង្អស់ ប្រហែល ១០ បទ និងជាមួយកញ្ញា ទូច ស្រីនិច ប្រហែល១-២ បទ។ ឆ្នាំ១៩៩២ មុនចូលធ្វើទាហានលោកបានច្រៀងក្នុងកម្មវិធីជប់លៀង មួយ ពេលនោះភ្ញៀវពេញចិត្តសំឡេងលោកក៏អញ្ជើញលោកច្រៀងតាមភោជនីដ្ឋានពេលយប់ និងធ្វើការពេលថ្ងៃ។ ឆ្នាំ១៩៩៤ លោកចូលច្រៀង ដោយបទដំបូងដែលលោកបានច្រៀងគឺ បទ ខ្សែជីវិត និង បទ ហែកបេះដូង ហើយនៅឆ្នាំ១៩៩៧ លោកបានចូលច្រៀងក្នុងផលិតកម្មហង្សមាស រហូតមកដល់សព្វថ្ងៃនេះ៕
