Monday, September 9, 2019

មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា

ជិតដល់ថ្ងៃបុណ្យសែនព្រះខែ មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា

បុណ្យសែន​ព្រះ​ខែ​ក្នុង​ឆ្នាំ ២០១៩​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៣​ខែ​កញ្ញា​ខាង​មុខ​សម្រាប់​ប្រជាជន​ចិន និង​អ្នក​ដែល​មាន​ជាប់​សែ​ស្រឡាយ​ចិន។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ជា​ច្រើន​ទៀត​ដូច​ជា ជប៉ុន, វៀតណាម, សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន និង​កូរ៉េខាងត្បូង​ជា​ដើម។
ពិធី​បុណ្យ​សែន​ព្រះ​ខែ​​​​មាន​អាយុកាល​តាំង​ពី​​ជាង​ ៣ ​ពាន់​ឆ្នាំ​មុន ​​​នៅ​ពេល​ដែល​រាជវង្ស​សាង ​(១៦០០-១០៤៦ ​មុន​គ.ស) ​​ដែល​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ។ ​​តែ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​គេ​និយាយ​ខុសៗ​​​គ្នា។ ​​អធិរាជ​ចិន​បុរាណ​​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ ​​ដោយ​សារ​ពួកគេ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​ទទួល​បាន​ការ​ប្រមូល​ភោគផល​​ឆ្នាំ​ក្រោយ​សម្បូរ​ហូរហៀរ។

​ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ខុស​ៗ​ក្នុង​ប្រទេស​ចិន។​ ​នៅ​​Suzhou ​ខេត្ត​ Jiangsu ​​​ពិធី​នេះ​ត្រូវ​គេ​ហៅ​ថា ​"ពិធី​សក្ការៈ​ចំពោះ​ព្រះចន្ទ" ​​ នៅ​ Zhenjiang ​ខេត្ត​ Jiangsu ​ហៅ​ថា ​"ពិធី​អំណរគុណ​ចំពោះ​សន្តិភាព" ​​នៅ​​ Zhenghe ​ខេត្ត​ Fujian ​ហៅ​ថា ​"ការ​គោរព​ចំពោះ​រាជវាំង​ចន្ទ" ​​នៅ​​ Zhongmou ​ខេត្ត​ Henan ​ហៅ​ថា ​"ពិធី​ផ្សង​ដល់​ព្រះចន្ទ" ​​និង​នៅ​ Sihui ​ខេត្ត​ក្វាងទុង​ហៅ​ថា ​"ពិធី​សក្ការៈ​ចំពោះ​រស្មី​ព្រះចន្ទ"។ ​​​ពាក្យ​ថា ​''ពិធី​បុណ្យ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ" ​​មាន​ដំបូង​គេ​ក្នុង​អក្សរសិល្ប៍​នៃ​រាជវង្ស​ចូវ។ ​​នៅ​ពេល​នោះ​​ ការ​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​​យប់​ថ្ងៃ​ទី​​១៥ ​​ខែ ​៨ ​នៃ​ប្រតិទិន​ចន្ទគតិ​​ត្រូវ​បាន​រៀបចំ​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់ និង​គ្រួសារ​អភិជន​ប៉ុណ្ណោះ។ ​​​​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​​ការ​រៀបចំ​តុ​​នៅ​កណ្ដាល​​ធ្លា​ភូមិគ្រឹះ​​ក្រោម​ពន្លឺ​ចន្ទ ​​ដោយ​មាន​ការ​សែន​ផ្លែឈើ ​និង​អាហារ​សម្រន់​នៅ​លើ​តុ។ទំនៀមទម្លាប់​​សែន​ព្រេន​ដល់​ព្រះ​ចន្ទ ​ដើម្បី​ជា​ការ​គោរព​ចំពោះ​ទេពធីតា​ព្រះ​ចន្ទ​ឆាង ​អឺ ​​ចាប់​ផ្ដើម​មាន​តាំង​ពី​ជំនាន់​​រាជវង្ស ​ចូវ​ខាង​លិច ​(ឆ្នាំ​ ១០៤៥-៧០០ ​មុន​គ.ស)។ ​​ទំនៀមទម្លាប់​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​​អំឡុង​រាជវង្ស​សុង ​(ឆ្នាំ ​៩៦០-១២៧៩ ​នៃ​គ.ស)។ ​វត្ថុ​សំណែន​​ទាំង​នោះ​រួម​មាន​ ​ប៉ោម ​​ទំពាំងបាយជូរ ​​​ធូប ​ទៀន​ជា​ដើម​ដោយ​នៅ​រាជវង្ស​ខាង​​ត្បូង​ ​នំ​សែន​ព្រះ​ខែ ​​​ឪឡឹក​​ជា​សំណែន​ពេញ​និយម​ជាង។ ​​ពេល​ខ្លះ​ឪឡឹក​ត្រូវ​បាន​គេ​​ចិត​សម្បក​ជា​រូប​ផ្កាឈូក​​ដើម្បី​សែន​ដល់​ទេពធីតា​ព្រះចន្ទ៕


Saturday, September 7, 2019

សញ្ញា11យ៉ាងដែលបង្ហាញថាអ្នកជាបុគ្គលិកល្អ បើទោះជាអ្នកមិនចូលចិត្

សញ្ញា11យ៉ាងដែលបង្ហាញថាអ្នកជាបុគ្គលិកល្អ បើទោះជាអ្នកមិនចូលចិត្ត

ស្ថិតក្នុងបរិបទការងារ ពិតណាស់គ្មាននរណាម្នាក់ចង់ក្លាយខ្លួនជាបុគ្គលិកខ្សោយជាងគេនោះទេ។ យ៉ាងណាមិញ អ្នកត្រូវតែផ្តល់តម្លៃឱ្យខ្លួនឯងជាមួយនឹងការប្រឹងប្រែងធ្វើការ ។ ការស្នើសុំមតិយោបល់ពីអ្នកដទៃ គឺជាគំនិតល្អមួយ ប៉ុន្តែវាអាស្រ័យទៅតាមកាលៈទេសៈរបស់អ្នក និងរបៀបគ្រប់គ្រងរបស់ចៅហ្វាយអ្នក ដែលទាំងអស់នេះហើយពេលខ្លះយើងពិបាកនឹងធ្វើ ។
ខាងក្រោមនេះ ជា​សញ្ញា​បង្ហាញ​ថា អ្នក​គឺជា​បុគ្គលិក​គំរូ​ល្អ​មួយ​រូប ៖
១-​អ្នក​ចុះសម្រុង​ល្អជា​មួយ​មិត្ត​រួមការ​ងារ ៖
អ្នក​មិន​ត្រឹមតែ​ជា​បុគ្គលិក​រួសរាយ​រាក់ទាក់​ក្នុង​ការិយាល័យ​មួយ​រូប​ប៉ុណ្ណោះ​ទេ តែ​អ្នកជា​បុគ្គលិក​ឆ្នើម​ក្នុង​ក្រុម ឬ​ផ្នែក​របស់​អ្នកផង​ដែរ​។ ជាង​នេះ​ទៀត យើង​អាច​និយាយ​បាន​ថា អ្នក​ពិតជា​បុគ្គលិក​ដ៏​ល្អ ដែល​អាច​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​ការងារ​ក្នុង​ស្ថាប័ន​របស់​អ្នក​បាន ។

២-​ភាព​ស្មោះត្រង់ ៖
ចៅហ្វាយនាយ​ល្អ​តែងតែ​ស្រឡាញ់​ចូល​ចិត្ត​សុចរិត​ភាព​របស់​បុគ្គលិក​គ្រប់​រូប ។ អ្នកជា​បុគ្គលិក​មួយ​រូប​ដែល​ស្មោះត្រង់​ជាមួយ​ចៅហ្វាយនាយ និង​មិត្ត​រួមការ​ងារ​របស់​អ្នក ។ រាល់ពេល​អ្នក​និយាយ​អ្វីមួយ អ្នក​តែងតែ​និយាយ​ពាក្យពិត និង​ឥត​លាក់លៀម ។ ជា​ពិសេស អ្នក​មិន​បន្ទាបខ្លួន​ដោយ​ប្រើ​ពាក្យអសុរស​ដើម្បី​បាន​មុខមាត់​នោះ​ទេ ។
យ៉ាងណាមិញ នៅ​ក្នុង​ស្ថាប័ន​មួយ​ដែល​ប្រកបដោយ​បរិយាកាស​វប្បធម៌​ចម្រុះ​នោះ ភាព​ស្មោះត្រង់​ប្រហែលជា​ត្រូវ​បាន​គេ​មើល​រំលង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ភាព​ស្មោះត្រង់​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ជួប​ហានិភ័យ​ទៀត​ផង ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នកជា​បុគ្គលិក​ក្នុង​ស្ថាប័ន​ស្តង់ដា​មួយ​ជាមួយនឹង​បរិយាកាស​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ​នោះ ភាព​ស្មោះត្រង់​របស់​អ្នក​នឹង​ត្រូវ​បាន​តបស្នង​វិញ​ជាក់​ជា​មិន​ខាន ។
៣-​អ្នកជា​បុគ្គលិក​ចេះ​អភិវឌ្ឍន៍​ខ្លួន ៖
ចំពោះ​បុគ្គលិក​មួយ​ចំនួន​តែងតែ​អាត្មា​និយម​គិត​ថា មិន​ចាំបាច់​ផ្លាស់​ប្តូរ និង​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​លទ្ធផល​ល្អ គឺ​គ្រប់គ្រាន់​ហើយ​។ យ៉ាងណាមិញ ក្នុង​នាម​ជា​បុគ្គលិក​ល្អ​មួយ​រូប គឺ​មិន​ដែល​បញ្ឈប់​ខ្លួនឯង​ឡើយ ។ ពួក​គេ​តែងតែ​រិះរក​មេរៀន​ថ្មី​ៗ​បន្ថែម​ដើម្បី​ទទួលយក​នូវ​បទ​ពិសោធន៍ និង​វិធីសាស្ត្រ ថ្មី​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម ។ ម្យ៉ាងទៀត ពួក​គេ​តែងតែ​ព្យាយាម​រក​ធ្វើ​អ្វី​ៗ​ដែល​ថ្មី និង​ធ្វើ​ឱ្យ​ខ្លួន​គេ​ផ្ទាល់​រវល់​ជាមួយ​ការងារ ជា​ជាង​សម្រាកលំហែ​ឥតប្រយោជន៍ ។

៤-​ជា​បុគ្គលិក​ប្រកាន់ខ្ជាប់​នូវ​ទំនួល​ខុស​ត្រូវ ៖
ប្រសិនបើ​អ្នកបម្រើ​ការងារ​ក្នុង​ស្ថាប័ន​មួយ​ដែល​មិន​មាន​សុចរិត​ភាព​ក្នុង​ការងារ​ទេ​នោះ ទំនួល​ខុស​ត្រូវ​ក៏​ប្រហែល​នឹង​ប្រែ​ក្លាយទៅជា​គុណវិបត្តិ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ចៅហ្វាយនាយ​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ​នោះ ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​ទទួលខុសត្រូវ​ចំពោះ​ការងារ​ប្រាកដជា​តបស្នង​មក​វិញ​យ៉ាង​គាប់ប្រសើរ ។

៥-​ជា​បុគ្គលិក​ដែល​អាច​ជឿ​ទុកចិត្ត​បាន ៖
អ្នក​មិនមែន​ជា​បុគ្គលិក​ហួងហែង​ពេក​។ នៅ​ពេល​ដែល​អ្នក​ទទួលយក​ការងារ​អ្វីមួយ ហើយ​អ្នក​អាច​ធ្វើ​វា​បាន​ទាន់​ពេលវេលា​នោះ​ចៅហ្វាយនាយ​របស់​អ្នក​នឹង​មាន​ទំនុកចិត្ត​លើ​អ្នក​។ អ្នកជា​បុគ្គលិក​ដែល​អាច​ពឹងពាក់​បាន និង​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​ការ​ធ្វើការ​ងារ​លើ​គម្រោង​សំខាន់​ៗ ។

៦-​អ្នកជា​បុគ្គលិក​គោរព​តាម​គោលការណ៍​ស្ថាប័ន​បាន​ល្អ ៖
នៅ​សហរដ្ឋអាមេរិក ពុំ​មាន​បុគ្គលិក​ណា​ម្នាក់​គោរព​តាម​គោលការណ៍​ក្រុមហ៊ុន​បាន​១០០% នោះ​ទេ ។ ការ​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​ការងារ គឺជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​អ្នក ។

ម្យ៉ាងទៀត ប្រសិនបើ​អ្នកជា​បុគ្គលិក​មួយ​រូប​ក្នុង​ចំណោម​មិត្ត​រួមការ​ងារ​ដទៃ​ទៀត ដែល​អាច​ជម្នះ​ស្ថានភាព​លំបាក​ក្នុង​ការងារ​បាន​នោះ វា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ជោគជ័យ​ផង​ដែរ ។
៧-​អ្នក​អាច​ដឹកនាំ​អ្នក​ដទៃ ៖
ប្រសិនបើ​អ្នក​ដទៃ​ពឹងពាក់​អ្នក​ឱ្យ​ជួយ​បង្ហាញផ្លូវ​ធ្វើ​អ្វីមួយ​នោះ អ្នក​អាច​មាន​ទំនុកចិត្ត​ថា ពួក​គេ​បានឃើញ​ពី​សមត្ថភាព​របស់​អ្នក​រួច​មក​ហើយ​ថា ជា​បុគ្គលិក​ឆ្នើម ។ អ្នក​មិន​ត្រឹមតែ​ជា​បុគ្គលិក​មាន​លទ្ធភាព​ក្នុង​ការ​បំពេញការងារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ អ្នក​ថែម​ទាំង​អាច​ជួយ​អ្នក​ដទៃ​ឱ្យ​ជោគជ័យ​ផង​ដែរ ។

៨-​ជា​បុគ្គលិក​សកម្ម ៖
អ្នក​មិនមែន​ជា​បុគ្គលិក​អង្គុយ​រង់ចាំ​ទាល់តែ​គេ​ប្រាប់​ឱ្យធ្វើ​នោះ​ទេ ។ សិក្សា​ពី​បញ្ហា​ផ្សេង​ៗ ដែល​កើត​មាន និង​រិះរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង ។ សកម្មភាព​ទាំងនេះ​នឹង​អាច​ឱ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួនឯង​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

៩-​ហ៊ាន​លើក​ឡើង​គ្រប់​បញ្ហា ៖
បុគ្គលិក​ដែល​និយាយ​អ្វី​ៗ​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​បុគ្គលិក​ដែល​ចៅហ្វាយនាយ​ចង់បាន ។ អ្នក​មិនមែន​ជា​បុគ្គលិក​មិន​ចេះ​មាត់ក​នោះ​ទេ តែ​អ្នកជា​បុគ្គលិក​សម្តែង​ចេញពី​ខ្លួនឯង​ច្បាស់លាស់ ។ នេះ​គឺជា​កត្តា​សំខាន់​ណាស់ ។

១០-​ជា​បុគ្គលិក​ដែល​តែងតែ​បង្ហើយ​កិច្ចការ​៖
មហិច្ឆតា និង​ក្តី​ប្រាថ្នា នឹង​មិន​ទទួល​បាន​ផល​អ្វី​ឡើយ ប្រសិនបើ​អ្នក​មិន​ព្យាយាម​ធ្វើ​។ អ្នក​ប្រហែលជា​បុគ្គលិក​មួយ​រូប​សម្បូរ​ទៅ​ដោយ​គំនិត​យោបល់ និង​ផែនការ​ផ្សេង​ៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​បាន​បង្ហើយ​គម្រោង​ណាមួយ​ឱ្យ​ចប់​សព្វគ្រប់​ទេ​នោះ អ្នក​នឹង​មិនមែន​ជា​បុគ្គលិក​ឆ្នើម​ឡើយ ។

ពិត​ណាស់ ប្រធាន​គ្រប់គ្រង​តែងតែ​ចូល​ចិត្ត​បុគ្គលិក​ណា​ចេះ​លើក​ឡើង​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ ហើយ​បន្ទាប់​មក ពិតជា​អាច​ធ្វើ​វា​បាន ។
១១-​អ្នកជា​បុគ្គលិក​មាន​មនសិការ ៖
ដូចដែល​របាយការណ៍ Business Insider ចេញផ្សាយ​កាលពីមុន​បានឱ្យ​ដឹង​ថា ទម្លាប់​ល្អ គឺ​ពិតជា​ប្រសើរ​ណាស់ ប៉ុន្តែ​វា​នឹង​មិន​តែងតែ​ធ្វើ​ឱ្យ​អ្នក​លេចធ្លោ​នៅ​កន្លែង​ការងារ​នោះ​ទេ​។ បុគ្គលិក​ណា​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ហាក់ដូចជា​មាន​មនសិការ​ក្នុង​ការងារ គឺ​គេ​កំណត់សម្គាល់​ដោយ​ការ​ប្រឹងប្រែង​ធ្វើការ ការ​ព្យាយាម សណ្តាប់ធ្នាប់ និង​តែងតែ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ។

មក​កន្លែង​ការងារ​ជា​រៀងរាល់ថ្ងៃ​ជាមួយ នឹង​ភាព​សុទិដ្ឋិនិយម និង​ចិត្តគំនិត​ប្រកប ដោយ​មនសិការ នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​បុគ្គលិក​គំរូ ៕