Monday, September 9, 2019

មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា

ជិតដល់ថ្ងៃបុណ្យសែនព្រះខែ មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា

បុណ្យសែន​ព្រះ​ខែ​ក្នុង​ឆ្នាំ ២០១៩​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៣​ខែ​កញ្ញា​ខាង​មុខ​សម្រាប់​ប្រជាជន​ចិន និង​អ្នក​ដែល​មាន​ជាប់​សែ​ស្រឡាយ​ចិន។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​ជា​ច្រើន​ទៀត​ដូច​ជា ជប៉ុន, វៀតណាម, សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន និង​កូរ៉េខាងត្បូង​ជា​ដើម។
ពិធី​បុណ្យ​សែន​ព្រះ​ខែ​​​​មាន​អាយុកាល​តាំង​ពី​​ជាង​ ៣ ​ពាន់​ឆ្នាំ​មុន ​​​នៅ​ពេល​ដែល​រាជវង្ស​សាង ​(១៦០០-១០៤៦ ​មុន​គ.ស) ​​ដែល​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ។ ​​តែ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​គេ​និយាយ​ខុសៗ​​​គ្នា។ ​​អធិរាជ​ចិន​បុរាណ​​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ ​​ដោយ​សារ​ពួកគេ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​ទទួល​បាន​ការ​ប្រមូល​ភោគផល​​ឆ្នាំ​ក្រោយ​សម្បូរ​ហូរហៀរ។

​ការ​ប្រារព្ធ​ពិធី​នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ខុស​ៗ​ក្នុង​ប្រទេស​ចិន។​ ​នៅ​​Suzhou ​ខេត្ត​ Jiangsu ​​​ពិធី​នេះ​ត្រូវ​គេ​ហៅ​ថា ​"ពិធី​សក្ការៈ​ចំពោះ​ព្រះចន្ទ" ​​ នៅ​ Zhenjiang ​ខេត្ត​ Jiangsu ​ហៅ​ថា ​"ពិធី​អំណរគុណ​ចំពោះ​សន្តិភាព" ​​នៅ​​ Zhenghe ​ខេត្ត​ Fujian ​ហៅ​ថា ​"ការ​គោរព​ចំពោះ​រាជវាំង​ចន្ទ" ​​នៅ​​ Zhongmou ​ខេត្ត​ Henan ​ហៅ​ថា ​"ពិធី​ផ្សង​ដល់​ព្រះចន្ទ" ​​និង​នៅ​ Sihui ​ខេត្ត​ក្វាងទុង​ហៅ​ថា ​"ពិធី​សក្ការៈ​ចំពោះ​រស្មី​ព្រះចន្ទ"។ ​​​ពាក្យ​ថា ​''ពិធី​បុណ្យ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ" ​​មាន​ដំបូង​គេ​ក្នុង​អក្សរសិល្ប៍​នៃ​រាជវង្ស​ចូវ។ ​​នៅ​ពេល​នោះ​​ ការ​គោរព​សក្ការៈ​ចំពោះ​ព្រះ​ចន្ទ​នៅ​​យប់​ថ្ងៃ​ទី​​១៥ ​​ខែ ​៨ ​នៃ​ប្រតិទិន​ចន្ទគតិ​​ត្រូវ​បាន​រៀបចំ​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់ និង​គ្រួសារ​អភិជន​ប៉ុណ្ណោះ។ ​​​​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​​ការ​រៀបចំ​តុ​​នៅ​កណ្ដាល​​ធ្លា​ភូមិគ្រឹះ​​ក្រោម​ពន្លឺ​ចន្ទ ​​ដោយ​មាន​ការ​សែន​ផ្លែឈើ ​និង​អាហារ​សម្រន់​នៅ​លើ​តុ។ទំនៀមទម្លាប់​​សែន​ព្រេន​ដល់​ព្រះ​ចន្ទ ​ដើម្បី​ជា​ការ​គោរព​ចំពោះ​ទេពធីតា​ព្រះ​ចន្ទ​ឆាង ​អឺ ​​ចាប់​ផ្ដើម​មាន​តាំង​ពី​ជំនាន់​​រាជវង្ស ​ចូវ​ខាង​លិច ​(ឆ្នាំ​ ១០៤៥-៧០០ ​មុន​គ.ស)។ ​​ទំនៀមទម្លាប់​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​​អំឡុង​រាជវង្ស​សុង ​(ឆ្នាំ ​៩៦០-១២៧៩ ​នៃ​គ.ស)។ ​វត្ថុ​សំណែន​​ទាំង​នោះ​រួម​មាន​ ​ប៉ោម ​​ទំពាំងបាយជូរ ​​​ធូប ​ទៀន​ជា​ដើម​ដោយ​នៅ​រាជវង្ស​ខាង​​ត្បូង​ ​នំ​សែន​ព្រះ​ខែ ​​​ឪឡឹក​​ជា​សំណែន​ពេញ​និយម​ជាង។ ​​ពេល​ខ្លះ​ឪឡឹក​ត្រូវ​បាន​គេ​​ចិត​សម្បក​ជា​រូប​ផ្កាឈូក​​ដើម្បី​សែន​ដល់​ទេពធីតា​ព្រះចន្ទ៕


Saturday, September 7, 2019

សញ្ញា11យ៉ាងដែលបង្ហាញថាអ្នកជាបុគ្គលិកល្អ បើទោះជាអ្នកមិនចូលចិត្

សញ្ញា11យ៉ាងដែលបង្ហាញថាអ្នកជាបុគ្គលិកល្អ បើទោះជាអ្នកមិនចូលចិត្ត

ស្ថិតក្នុងបរិបទការងារ ពិតណាស់គ្មាននរណាម្នាក់ចង់ក្លាយខ្លួនជាបុគ្គលិកខ្សោយជាងគេនោះទេ។ យ៉ាងណាមិញ អ្នកត្រូវតែផ្តល់តម្លៃឱ្យខ្លួនឯងជាមួយនឹងការប្រឹងប្រែងធ្វើការ ។ ការស្នើសុំមតិយោបល់ពីអ្នកដទៃ គឺជាគំនិតល្អមួយ ប៉ុន្តែវាអាស្រ័យទៅតាមកាលៈទេសៈរបស់អ្នក និងរបៀបគ្រប់គ្រងរបស់ចៅហ្វាយអ្នក ដែលទាំងអស់នេះហើយពេលខ្លះយើងពិបាកនឹងធ្វើ ។
ខាងក្រោមនេះ ជា​សញ្ញា​បង្ហាញ​ថា អ្នក​គឺជា​បុគ្គលិក​គំរូ​ល្អ​មួយ​រូប ៖
១-​អ្នក​ចុះសម្រុង​ល្អជា​មួយ​មិត្ត​រួមការ​ងារ ៖
អ្នក​មិន​ត្រឹមតែ​ជា​បុគ្គលិក​រួសរាយ​រាក់ទាក់​ក្នុង​ការិយាល័យ​មួយ​រូប​ប៉ុណ្ណោះ​ទេ តែ​អ្នកជា​បុគ្គលិក​ឆ្នើម​ក្នុង​ក្រុម ឬ​ផ្នែក​របស់​អ្នកផង​ដែរ​។ ជាង​នេះ​ទៀត យើង​អាច​និយាយ​បាន​ថា អ្នក​ពិតជា​បុគ្គលិក​ដ៏​ល្អ ដែល​អាច​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​ការងារ​ក្នុង​ស្ថាប័ន​របស់​អ្នក​បាន ។

២-​ភាព​ស្មោះត្រង់ ៖
ចៅហ្វាយនាយ​ល្អ​តែងតែ​ស្រឡាញ់​ចូល​ចិត្ត​សុចរិត​ភាព​របស់​បុគ្គលិក​គ្រប់​រូប ។ អ្នកជា​បុគ្គលិក​មួយ​រូប​ដែល​ស្មោះត្រង់​ជាមួយ​ចៅហ្វាយនាយ និង​មិត្ត​រួមការ​ងារ​របស់​អ្នក ។ រាល់ពេល​អ្នក​និយាយ​អ្វីមួយ អ្នក​តែងតែ​និយាយ​ពាក្យពិត និង​ឥត​លាក់លៀម ។ ជា​ពិសេស អ្នក​មិន​បន្ទាបខ្លួន​ដោយ​ប្រើ​ពាក្យអសុរស​ដើម្បី​បាន​មុខមាត់​នោះ​ទេ ។
យ៉ាងណាមិញ នៅ​ក្នុង​ស្ថាប័ន​មួយ​ដែល​ប្រកបដោយ​បរិយាកាស​វប្បធម៌​ចម្រុះ​នោះ ភាព​ស្មោះត្រង់​ប្រហែលជា​ត្រូវ​បាន​គេ​មើល​រំលង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ភាព​ស្មោះត្រង់​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ជួប​ហានិភ័យ​ទៀត​ផង ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នកជា​បុគ្គលិក​ក្នុង​ស្ថាប័ន​ស្តង់ដា​មួយ​ជាមួយនឹង​បរិយាកាស​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ​នោះ ភាព​ស្មោះត្រង់​របស់​អ្នក​នឹង​ត្រូវ​បាន​តបស្នង​វិញ​ជាក់​ជា​មិន​ខាន ។
៣-​អ្នកជា​បុគ្គលិក​ចេះ​អភិវឌ្ឍន៍​ខ្លួន ៖
ចំពោះ​បុគ្គលិក​មួយ​ចំនួន​តែងតែ​អាត្មា​និយម​គិត​ថា មិន​ចាំបាច់​ផ្លាស់​ប្តូរ និង​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​លទ្ធផល​ល្អ គឺ​គ្រប់គ្រាន់​ហើយ​។ យ៉ាងណាមិញ ក្នុង​នាម​ជា​បុគ្គលិក​ល្អ​មួយ​រូប គឺ​មិន​ដែល​បញ្ឈប់​ខ្លួនឯង​ឡើយ ។ ពួក​គេ​តែងតែ​រិះរក​មេរៀន​ថ្មី​ៗ​បន្ថែម​ដើម្បី​ទទួលយក​នូវ​បទ​ពិសោធន៍ និង​វិធីសាស្ត្រ ថ្មី​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម ។ ម្យ៉ាងទៀត ពួក​គេ​តែងតែ​ព្យាយាម​រក​ធ្វើ​អ្វី​ៗ​ដែល​ថ្មី និង​ធ្វើ​ឱ្យ​ខ្លួន​គេ​ផ្ទាល់​រវល់​ជាមួយ​ការងារ ជា​ជាង​សម្រាកលំហែ​ឥតប្រយោជន៍ ។

៤-​ជា​បុគ្គលិក​ប្រកាន់ខ្ជាប់​នូវ​ទំនួល​ខុស​ត្រូវ ៖
ប្រសិនបើ​អ្នកបម្រើ​ការងារ​ក្នុង​ស្ថាប័ន​មួយ​ដែល​មិន​មាន​សុចរិត​ភាព​ក្នុង​ការងារ​ទេ​នោះ ទំនួល​ខុស​ត្រូវ​ក៏​ប្រហែល​នឹង​ប្រែ​ក្លាយទៅជា​គុណវិបត្តិ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ចៅហ្វាយនាយ​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ​នោះ ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​ទទួលខុសត្រូវ​ចំពោះ​ការងារ​ប្រាកដជា​តបស្នង​មក​វិញ​យ៉ាង​គាប់ប្រសើរ ។

៥-​ជា​បុគ្គលិក​ដែល​អាច​ជឿ​ទុកចិត្ត​បាន ៖
អ្នក​មិនមែន​ជា​បុគ្គលិក​ហួងហែង​ពេក​។ នៅ​ពេល​ដែល​អ្នក​ទទួលយក​ការងារ​អ្វីមួយ ហើយ​អ្នក​អាច​ធ្វើ​វា​បាន​ទាន់​ពេលវេលា​នោះ​ចៅហ្វាយនាយ​របស់​អ្នក​នឹង​មាន​ទំនុកចិត្ត​លើ​អ្នក​។ អ្នកជា​បុគ្គលិក​ដែល​អាច​ពឹងពាក់​បាន និង​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​ការ​ធ្វើការ​ងារ​លើ​គម្រោង​សំខាន់​ៗ ។

៦-​អ្នកជា​បុគ្គលិក​គោរព​តាម​គោលការណ៍​ស្ថាប័ន​បាន​ល្អ ៖
នៅ​សហរដ្ឋអាមេរិក ពុំ​មាន​បុគ្គលិក​ណា​ម្នាក់​គោរព​តាម​គោលការណ៍​ក្រុមហ៊ុន​បាន​១០០% នោះ​ទេ ។ ការ​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​ការងារ គឺជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​អ្នក ។

ម្យ៉ាងទៀត ប្រសិនបើ​អ្នកជា​បុគ្គលិក​មួយ​រូប​ក្នុង​ចំណោម​មិត្ត​រួមការ​ងារ​ដទៃ​ទៀត ដែល​អាច​ជម្នះ​ស្ថានភាព​លំបាក​ក្នុង​ការងារ​បាន​នោះ វា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ជោគជ័យ​ផង​ដែរ ។
៧-​អ្នក​អាច​ដឹកនាំ​អ្នក​ដទៃ ៖
ប្រសិនបើ​អ្នក​ដទៃ​ពឹងពាក់​អ្នក​ឱ្យ​ជួយ​បង្ហាញផ្លូវ​ធ្វើ​អ្វីមួយ​នោះ អ្នក​អាច​មាន​ទំនុកចិត្ត​ថា ពួក​គេ​បានឃើញ​ពី​សមត្ថភាព​របស់​អ្នក​រួច​មក​ហើយ​ថា ជា​បុគ្គលិក​ឆ្នើម ។ អ្នក​មិន​ត្រឹមតែ​ជា​បុគ្គលិក​មាន​លទ្ធភាព​ក្នុង​ការ​បំពេញការងារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ អ្នក​ថែម​ទាំង​អាច​ជួយ​អ្នក​ដទៃ​ឱ្យ​ជោគជ័យ​ផង​ដែរ ។

៨-​ជា​បុគ្គលិក​សកម្ម ៖
អ្នក​មិនមែន​ជា​បុគ្គលិក​អង្គុយ​រង់ចាំ​ទាល់តែ​គេ​ប្រាប់​ឱ្យធ្វើ​នោះ​ទេ ។ សិក្សា​ពី​បញ្ហា​ផ្សេង​ៗ ដែល​កើត​មាន និង​រិះរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង ។ សកម្មភាព​ទាំងនេះ​នឹង​អាច​ឱ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួនឯង​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

៩-​ហ៊ាន​លើក​ឡើង​គ្រប់​បញ្ហា ៖
បុគ្គលិក​ដែល​និយាយ​អ្វី​ៗ​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​បុគ្គលិក​ដែល​ចៅហ្វាយនាយ​ចង់បាន ។ អ្នក​មិនមែន​ជា​បុគ្គលិក​មិន​ចេះ​មាត់ក​នោះ​ទេ តែ​អ្នកជា​បុគ្គលិក​សម្តែង​ចេញពី​ខ្លួនឯង​ច្បាស់លាស់ ។ នេះ​គឺជា​កត្តា​សំខាន់​ណាស់ ។

១០-​ជា​បុគ្គលិក​ដែល​តែងតែ​បង្ហើយ​កិច្ចការ​៖
មហិច្ឆតា និង​ក្តី​ប្រាថ្នា នឹង​មិន​ទទួល​បាន​ផល​អ្វី​ឡើយ ប្រសិនបើ​អ្នក​មិន​ព្យាយាម​ធ្វើ​។ អ្នក​ប្រហែលជា​បុគ្គលិក​មួយ​រូប​សម្បូរ​ទៅ​ដោយ​គំនិត​យោបល់ និង​ផែនការ​ផ្សេង​ៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​បាន​បង្ហើយ​គម្រោង​ណាមួយ​ឱ្យ​ចប់​សព្វគ្រប់​ទេ​នោះ អ្នក​នឹង​មិនមែន​ជា​បុគ្គលិក​ឆ្នើម​ឡើយ ។

ពិត​ណាស់ ប្រធាន​គ្រប់គ្រង​តែងតែ​ចូល​ចិត្ត​បុគ្គលិក​ណា​ចេះ​លើក​ឡើង​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ ហើយ​បន្ទាប់​មក ពិតជា​អាច​ធ្វើ​វា​បាន ។
១១-​អ្នកជា​បុគ្គលិក​មាន​មនសិការ ៖
ដូចដែល​របាយការណ៍ Business Insider ចេញផ្សាយ​កាលពីមុន​បានឱ្យ​ដឹង​ថា ទម្លាប់​ល្អ គឺ​ពិតជា​ប្រសើរ​ណាស់ ប៉ុន្តែ​វា​នឹង​មិន​តែងតែ​ធ្វើ​ឱ្យ​អ្នក​លេចធ្លោ​នៅ​កន្លែង​ការងារ​នោះ​ទេ​។ បុគ្គលិក​ណា​ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ហាក់ដូចជា​មាន​មនសិការ​ក្នុង​ការងារ គឺ​គេ​កំណត់សម្គាល់​ដោយ​ការ​ប្រឹងប្រែង​ធ្វើការ ការ​ព្យាយាម សណ្តាប់ធ្នាប់ និង​តែងតែ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ។

មក​កន្លែង​ការងារ​ជា​រៀងរាល់ថ្ងៃ​ជាមួយ នឹង​ភាព​សុទិដ្ឋិនិយម និង​ចិត្តគំនិត​ប្រកប ដោយ​មនសិការ នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​បុគ្គលិក​គំរូ ៕

Sunday, August 25, 2019

ចុះបញ្ជីក្រុមហ៊ុនត្រូវធ្វើអ្វីខ្លះ?

ចង់ចុះបញ្ជីក្រុមហ៊ុនត្រូវធ្វើអ្វីខ្លះ? 

លក្ខន្តិកៈក្រុមហ៊ុន, បទបញ្ជាផ្ទៃក្នុង, អនុស្សារណៈនៃការយោគយល់គ្នា និងផ្សេងៗទៀត។ ដូចនេះ ជាបឋម ត្រូវទៅឆែកឈ្មោះក្រុមហ៊ុនដែលលោកអ្នកមានបំណងចង់ដាក់ឈ្មោះ ប្រសិនបើឈ្មោះនៅជាឈ្មោះនៅទំនេរ ត្រូវទៅតែសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ​និងទទួលការយល់ព្រមពីនាយកដ្ឋាននេះ។
១) ឆែកអំពីភាពទំនេរនៃឈ្មោះក្រុមហ៊ុន
ក្រសូងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសលេខ ២៩៩ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីអនុវត្តនីតិវិធីនៃការចុះបញ្ជីតាម ប្រព័ន្ធអ៊នឡាញជាមួយគេហៈទំព័រ៖www.businessregistration.moc.gov.kh។  ក្រុមហ៊ុនដែលចុះបញ្ជីទាមទារឱ្យមាន គណនេយ្យពាណិជ្ជកម្មមួយជាមួយគេហៈទំព័រនេះ ដូច្នេះគេអាចស្វែងរកឈ្មោះក្រុមហ៊ុន និងកត់ទុកឈ្មោះក្រុមហ៊ុនដោយ គ្រាន់តែបញ្ចូលអត្តសញ្ញាណប័ណ្ណ ឬលិខិត​ឆ្លងដែន​របស់ម្ចាស់ក្រុមហ៊ុនដែលនឹងត្រូវបង្កើតនោះជាការស្រេច។ តំណាក់កាលនេះគឺត្រូវការពេល ៧ថ្ងៃ ហើយត្រូវចំណាយ១០ដុល្លារ។
ការ​បង់ថ្លៃចុះឈ្មោះនេះគឺត្រូវធ្វើឡើងដោយការបង់តាមអ័នឡាញដូចគ្នាតាមរយៈធនាគារពាណិជ្ជកម្ម ណាមួយដូចជា ធនាគារអេស៊ីលីដារ និងធនាគារ FTB ជាដើម។
២) ឯកសារតម្រូវចាំបាច់
ក្រោមសេចក្តីប្រកាសលេខ ២៩៩ ចុះថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៥ ស្តីពីការអនុវត្តនីតិវិធីថ្មីនៃការចុះបញ្ចីក្រុមហ៊ុន​ដែលមាន​ទីស្នាក់ការនៅ​ព្រះរាជាណាចក្រកម្ពុជាគឺត្រូវឱ្យចុះឈ្មោះតាមរយៈក្រសួងពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិ។ ហើយ​ឯកសារដែលទាមទារគឺត្រូវមាន៖ ១) ឯកសារដែលបញ្ជាក់ពីអាសយដ្ឋាន ដែលមាននៅក្នុងក្រដាសបង់ទឹក ឬភ្លើង ឬកិច្ចសន្យាជួលផ្ទះឬអគារ និងឯកសារបញ្ជាក់របស់ធនាគារ ជាដើម។ ២) អនុសារណៈនៃការយោគយល់គ្នា​នៃការបង្កើត​ក្រុមហ៊ុន ប្រសិនបើមានគ្នាច្រើន។ ៣) រូបថត ៤ គុណនឹង៦, អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន​របស់ម្ចាស់ក្រុម​ហ៊ុន និងអញនកគ្រប់គ្រងក្រុមហ៊ុន។ ៤)ត្រូវមានលិខិតថ្កល់ទោស និងសេចក្តីបញ្ជាក់ពីភាពត្រឹមត្រូវថា​មិនមាន​បញ្ហាជា​មួយក្រុមហ៊ុនមុនៗចំពោះអ្នកគ្រប់គ្រងក្រុមហ៊ុន និងបញ្ជាក់អំពីភាពមិនមែនជាមន្ត្រីរាជការ​ដែលមិនស្ថិត​ក្រោមច្បាប់ស្តីពី​មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាណាចក្រកម្ពុជា។ ៥) ក្នុងករណីដែលក្រុមហ៊ុននោះ​ជានីតិបុគ្គល​ឬក្រុមហ៊ុនមេ ត្រូវបង្ហាពីពីភាពស្រមច្បាប់នៃក្រុមហ៊ុមមេនោះ(ការចុះបញ្ជី)។ លិខិតដើមតែងតាំងផ្លូវការពីម្ចាស់​ក្រុមហ៊ុនពីនីតិបុគ្គលនោះ​ក្នុងការធ្វើជាតំណាង។ ៦) ក្រុមហ៊ុនដែលនឹងត្រូវចុះបញ្ជីថ្មី ឬក្រុមហ៊ុនដែលនឹងត្រូវបង្កើតសាខា​ថ្មីត្រូវថតចម្លង​លក្ខន្តិកៈក្រុមហ៊ុនចំនួន២ច្បាប់ ដោយភ្ជាប់ជាមួយនឹងឯកសារធនាគារ​អំពីការតម្កល់ដើមទុនទៅ​នាយកដ្ឋានចុះ​បញ្ជីនៃក្រសួងពាណិជ្ជកម្ម ចំនួន៣០ថ្ងៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មត្រូវ​ចេញវិញ្ញាបនប័ត្រត្រូវ​ចេញជូនអ្នកស្មើសុំ។ ក្នុងកំឡុងពេលនេះ ប្រសិនបើនាយកដ្ឋានមិនទទួលបានច្បាប់ថតចម្លង​ដើមពីលក្ខន្តិកៈទេ នាយកដ្ឋាននឹងរក្សាសិទ្ធិលប់​ទាត់ចោលនូវការស្នើសុំ និងលប់អ្វីៗទាំងអស់ចេះពីទិន្ធ័យដែលមានចេញពីនាយកដ្ឋាន។
៣) ត្រាក្រុមហ៊ុន
ក្រសួងពាណិជ្ជកម្មចុះឈ្នោះ និងទទួលស្គាល់ត្រារបស់ក្រុមហ៊ុន។ ក្រុមហ៊ុនខ្លួនឯងទេតើដែលត្រូវធ្វើត្រាមួយ​រួចហើយ​ស្នើទៅ​ក្រសួងពាណិជ្ជកម្មដើម្បីទទួលស្គាល់ត្រានោះ ដោយតម្រូវឱ្យគោរពតាមស្តង់ដារដែល​ណែនាំដោយក្រសួង​ពាណិជ្ជកម្ម។ ត្រូវតែបើកគណនេយ្យធនាគារ(របស់ក្រុមហ៊ុន)។ ត្រូវតម្កល់ថវិកា ឬដើមទុនដែលបានតម្រូវដោយច្បាប់​តាមប្រភេទក្រុមហ៊ុន ដើម្បីទទួលបានភស្តុតាងអំពីការតម្កល់ថវិកាជាដើមទុននេះ។
៤) នៅធនាគារ
អ្នកចុះបញ្ជីត្រូវតែបើកគណនេយ្យមួយក្នុងនាមជាក្រុមហ៊ុននោះ។ ជាទូទៅត្រូវតម្កល់ថវិកាចំនួន ៤លានរៀល។ ក្នុងរយៈ​ពេល៣០​ថ្ងៃក្រោយពីបានទទួលវិញ្ញាបនបត្រ័អំពីការចុះបញ្ជីនៅធនាគារណាមួយដែលក្រសួងតម្រូវរួចហើយ។ ធនាគារ​ត្រូវផ្តល់​របាយការណ៍មួយដែលបញ្ជាក់អំការតម្កល់នោះក្នុងរយៈពេល១ថ្ងៃ។ នៅពេលដែទទួលបានឯកសារ​ស្តីពីការចុះ​បញ្ជីនៅ​ក្រសួងពាណិជ្ជកម្មដែលមានប្រថាប់ត្រា និងឯកភាព ក្រុមហ៊ុនត្រូវចុះបញ្ជីពន្ធ ដើម្បីទទួលបានបាតង់ និងត្រូវបង់ពន្ធលើតម្លៃបន្ថែម។
៥) អគ្គនាយកដ្ឋានពន្ធដារ
ឯកសារដែលត្រូវការគឺអនុស្សារណៈនៃការយោគយល់គ្នារវាងភាគហ៊ុននិក និងវិញ្ញាបនប័ត្រនៃការចុះបញ្ជីក្រុមហ៊ុន។ បាត៉ង់នៃការចុះបញ្ជីនេះគឺអាចធ្វើបាននៅការិយាល័យពន្ធដារ នៅតាមខណ្ឌនានានៃរាជធានីភ្នំពេញ។ ក្នុងរយៈពេល៣០ថ្ងៃ នឹងត្រូវចំណាយអស់ ១០០ដុល្លារ។
៦) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បន្ទាប់ពីទទួលបានប៉ាតង់រួចហើយ ប្រសិនបើចាប់ផ្តើមតំណើរការអាជីវកម្មត្រូវជូនដំណើងទៅក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ គ្រប់ពាណិជ្ជកម្មត្រូវតែដាក់ជាលិខិត​ប្រកាស់ទៅក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈមុន​ពេលចាប់ផ្តើមការងាររបស់ខ្លួន។
លើសពីនេះ សហគ្រាសទាំងអស់ជាមួយបុគ្គលិក​យ៉ាងតិច៨នាក់ត្រូវតែមានបទបញ្ជាផ្ទៃក្នុង​ដែលត្រូវតែស្របនឹងបញ្ញត្តិទូទៅ​របស់ច្បាប់ការងារដូចជា លក្ខណ្ឌនៃការជ្រើសរើសបុគ្គលិក និងការគណនាប្រាក់ខែគោល សិទ្ធបុគ្គលិក អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ម៉ោងការងារ វិធានការសុខភាព និងសុវត្តិភាព និងការឈប់សម្រាករបស់បុគ្គលិក រួមទាំងថ្ងៃឈប់សម្រាក។ បទបញ្ជាផ្ទៃក្នុងត្រូវតែមានក្នុងកំឡុងពេល៣ខែចាប់គិតពីបើកក្រុមហ៊ុន។ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវរក្សាតារាងប្រាក់ខែ ប្រកាស់ចេញចូលបុគ្គលិក។
ដោយមានការតម្រូវពីច្បាប់ការងារ បុគ្គលិកខ្មែរត្រូវមានសៀវភៅការងារ និងត្រូវពិនិត្យសុខភាពនៅពេទ្យ​ការងារនៃក្រសួង​ការងា។ នីតិវិធីនេះត្រូវមាន៥ដំណាក់កាល គឺការចុះបញ្ជីដើម្បីដំណើរការក្រុមហ៊ុន។ ចំនួនបុគ្គលិក។ តារាងប្រាក់ខែ។ ការបញ្ជាក់អំពីបទបញ្ជាផ្ទៃក្នុង និងការចេញលិខិតទទួលស្គាល់អំពីការបោះឆ្នោតតំណាងកម្មករបុគ្គលិករបស់ក្រុមហ៊ុន។ ដំណាក់កាល​នេះត្រូវចំណាយអស់ ២៨ម៉ឺនរៀលក្នុងចំនួនបុគ្គលិកពី៨ ទៅ១០០នាក់ ក្នុងរយៈពេល៣០ថ្ងៃ។
៧) នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម
ក្រុមហ៊ុនត្រូវផ្តល់លក្ខន្តិកៈក្រុមហ៊ុនជាច្បាប់ដើមចំនួន២ច្បាប់ និងលិខិតធនាគារអំពីប្រាក់​តម្កល់ដើមទុនទៅ​នាយកដ្ឋាន​ចុះបញ្ជីជាថ្មី បន្ទាប់ពីកាលបរិច្ឆេទនៃការចេញការចុះបញ្ជីពាណិជ្ជកម្ម។  ប្រិនបើមិនបានទទួលក្នុងពេល៣០ថ្ងៃទេ នាយកដ្ឋាន​នឹងរក្សាសិទ្ធទាត់ចោលសំណើរសុំចុះបញ្ជី។ ជាទូទៅមិនមានបង់ថ្លៃសេវាទេ ហើយយ៉ាងយូ១ថ្ងៃតែប៉ុណ្ណោះ។
៨) អធិការកិច្ចពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ
ក្រប់សហគ្រាសទាំងអស់ត្រូវតែទទួលការធ្វើអធិការកិច្ចពីក្រសួងការងារ ឬមន្ទីការងារជាចាំបាច់ ដើម្បីពិនិត្យអំពី​កិច្ចសន្យា​ការងារ តារាងប្រាក់ខែ និងផ្សេងៗទៀត។
៩) របបសន្តិសុខសង្គម ឬប.ស.ស.
គ្រប់សហគ្រិនដែលចាប់ផ្តើមធ្វើអាជីវកម្មត្រូវតែចុះបញ្ជីធានារ៉ាប់រងសង្គម ឬរបបសន្តិសុខសង្គមដែលជាការទាម​ទាររបស់​ច្បាប់នេះ។ លិខិតស្នាមនឹងត្រូវផ្តល់ជូនដោយបសសនៃក្រសួងការងារ៕
ប្រសិនបើចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក​សំប្រុស​ ០៨៥ ២៩៩៩៩២
រក្សាសិទ្ធិ២០១៩

Wednesday, July 17, 2019

អត្ថន័យ​ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា

អត្ថន័យ​ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា

អ្នក​ជំនាញ​ព្រះពុទ្ធសាសនា​លើកឡើង​ថា បុណ្យ​វិសាខបូជា​នេះ មានតម្លៃ​និង​គុណប្រយោជន៍​ដ៏​វិសេស​ដែល​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ​ចូលរួម​លើក ស្ទួយ​និង​ប្រតិបត្តិ​ឱ្យ​សាក​សមជា​ប្រទេស​ដែល​ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។ 

 

 

ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។

ស្ដាប់ ឬ​ទាញ​យក​សំឡេង

ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺជា​ថ្ងៃមួយ​ដែល​ពុទ្ធសាសនិកជន​នៅ​ទូទាំង​សកលលោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខបូជា​។ អ្នក​ជំនាញ​ព្រះពុទ្ធសាសនា​លើកឡើង​ថា បុណ្យ​វិសាខបូជា​នេះ មានតម្លៃ​និង​គុណប្រយោជន៍​ដ៏​វិសេស​ដែល​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ​ចូលរួម​លើក ស្ទួយ​និង​ប្រតិបត្តិ​ឱ្យ​សាក​សមជា​ប្រទេស​ដែល​ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។

វិសាខបូជា គឺជា​ពិធីបុណ្យ​មួយ​ដែល​ពុទ្ធសាសនិក​ចាត់ទុកថា មាន​សារសំខាន់​បំផុត​ក្នុង​ចំណោម​បុណ្យ​ដទៃ​​ទៀត​​នៃ​​ព្រះ​ពុទ្ធ​សាសនា ពី​ព្រោះ​​ជា​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​ បី​ នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​​​​ព្រះ​អង្គ​​ទ្រង់​​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ​គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​​មាន​​ព្រះ​ចន្ទ​​ពេញ​​វង់​​ក្នុង​​ខែ​​ពិសាខ​​ដូច​គ្នា ខុស​​តែ​​ឆ្នាំ​​ប៉ុណ្ណោះ។

ព្រះធម្មឃោសាចារ្យ​បណ្ឌិត ឃី សុវណ្ណរតនា ព្រះ​សាកលវិទ្យាធិការ​រង​នៃ​សាលា​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ និង​ជា​ព្រះចៅ​អធិការ​វត្ត​មង្គលវ័ន្ត មាន​ថេរដីកា​ថា វិសាខបូជា​ គឺជា​បុណ្យ​ប្រវត្តិសាស្ត្រ​មួយ​របស់​ព្រះពុទ្ធសាសនា និង​មានតម្លៃ​ធំធេង​​មិន​​អាច​​កាត់ថ្លៃ​បាន រហូត​ធ្វើ​ឱ្យ​អង្គការ សហប្រជាជាតិ បានសម្រេច​ដាក់បញ្ចូល​ជា​ទិវា​បុណ្យ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩។

ព្រះសង្ឃ និងពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។ RFA

ចំពោះ​ហេតុផល​ចម្បង​មួយ ​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ទទួលស្គាល់​នេះ ព្រះតេជព្រះគុណ ឃី សុវណ្ណរតនា មាន​ថេរ​ដីកា​បញ្ជាក់​ថា គឺ​អាស្រ័យ​ដោយ​គោលការណ៍​សន្តិភាព និង​អហិង្សា​របស់​ព្រះពុទ្ធសាសនា ​ដែល​ស្រប​នឹង​គោលការណ៍​គ្រឹះ​នៃ​អង្គការ​សហប្រជាជាតិ៖ «អាស្រ័យ​ដោយ​មូលហេតុ​ចម្បងៗ គឺ​ទី១ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ នាំ​មក​នូវ​សុខ​សន្តិភាព​ដល់​ពិភព​លោក។ ទី២ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ បាន​ផ្សព្វផ្សាយ​នូវ​បញ្ញាញាណ និង​ចំណេះ​វិជ្ជា​ដ៏​ធំ​ទូលាយ​ដល់​ពិភព​លោក​ទាំង​មូល។ ទី៣ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា វប្បធម៌​សន្តិភាព និង​អហិង្សា​របស់​ព្រះ​ពុទ្ធ បាន​ជួយ​ដោះ​ស្រាយ​ជម្លោះ និង​សង្គ្រាម»

ប្រពៃណី​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នេះ ​ក៏​ត្រូវ​បាន​រក្សាទុក និង​ធ្វើតាម​ជា​ទំនៀម​មកដល់​សព្វថ្ងៃ​នេះ​ផង​ដែរ ដោយមាន​រៀបចំ​យ៉ាង​អធិកអធម​ជា​ផ្លូវការ​រៀងរាល់​ឆ្នាំ​នៅ​លើ​កំពូលភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ព្រះរាជទ្រព្យ នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជាទី​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​សមណគោតម ដោយ​រួមមាន​ទាំង​កិច្ច​នមស្សការ សមាទាន​សីល ស្ដាប់​ធម្មទេសនា និង​ពិធី​ដាក់​បាត្រ​ព្រះសង្ឃ​ផង​ដែរ។

ព្រះតេជព្រះគុណ​ ឃី សុវណ្ណរតនា មាន​ថេរដីកា​បន្ត​ថា ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន និង​ថ្នាក់​ដឹកនាំ គប្បី​សិក្សា​ស្វែងយល់​ខ្លឹមសារ​សំខាន់ៗ​ នៃ​ពិធីបុណ្យ​វិសាខបូជា ហើយ​គប្បី​ចូល​គោរព​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ ឱ្យ​សក្ដិ​សមជា​ប្រទេស​ដែល​​ចាត់​​ទុក​​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។

ព្រះតេជព្រះគុណ​បញ្ជាក់​ថា អ្វី​ដែល​គួរ​ប្រតិបត្តិ​នោះ គឺ​នាំគ្នា​ទៅ​វត្ត ឬ​កន្លែង​ប្រារព្ធ​ពិធី​វិសាខបូជា ដើម្បី​ធ្វើបុណ្យ​ឱ្យ​ទាន រក្សាសីល ជម្រះ​ចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ ស្ដាប់​ព្រះ​ធម្ម​ទេសនា និង​សិក្សា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ពុទ្ធ៖ «យើង​គប្បី​ត្រិះរិះ​ពិចារណា​នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ឲ្យ​បាន សក្ដិសម​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា។ យើង​ត្រួត​ពិនិត្យ​ផ្លូវ​ចិត្ត និង​សកម្មភាព​របស់​ខ្លួន​ឯង​ថា តើ​យើង​បាន​ប្រព្រឹត្ត​សក្ដិសម​នឹង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ឬ​នៅ។ ឃើញ​មាន​ចំណុច មួយ​ដែល​យើង​មិន​សូវ​បាន​បដិបត្តិ គឺ​សមាធិ​ភាវនា​អប់រំ​ចិត្ត ខណៈ​ដែល​ពិភព​លោក​សព្វថ្ងៃ​មាន​ការ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង»

ព្រះតេជព្រះគុណ​មើលឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​កាន់តែ​ល្អ​ប្រសើរ​ ដូចជា​នៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​ជាដើម​។ ទោះ​យ៉ាង​ណា​ក្តី ព្រះតេជព្រះគុណ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន បញ្ឈប់​ការ​ផ្សព្វផ្សាយ និង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃបុណ្យ​ព្រះពុទ្ធសាសនា​នេះ​ផង​ដែរ ព្រោះ​គ្រឿង ស្រវឹង​នេះ​នាំ​ឱ្យ​កើតមាន​វិបត្តិ​ជាច្រើន។

អ្នកតស៊ូ​មតិ​ឱ្យ​មាន​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​ជា​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក ហេង គឹមហុង ថ្លែង​ថា ថ្ងៃបុណ្យ​វិសាខបូជា​នេះ លោក​បាន​ធ្វើ​សមាធិ​ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​ ដែល​បាន​បន្សល់ទុក​ពាក្យ​ប្រៀន ប្រដៅ​ល្អ​ឯក​នៅ​ក្នុង​លោក។ ទោះ​យ៉ាង​ណា​ក្តី លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​កម្ពុជា​ក្នុងនាម ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា មិនបាន​ប្រតិបត្តិ​ត្រឹមត្រូវ ហើយ​នាំគ្នា​ទទួល​គ្រឿង​ស្រវឹង​គ្រប់​ទីកន្លែង​ដែល​គ្មាន​ការ​រឹត​បន្តឹង​ដូច​នៅ​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​ទៀត។ លោក​សង្កេត​ឃើញ​ថា តាម​ស្ថាប័នរដ្ឋ តាម​ដង​ផ្លូវ និង​គ្រឹះស្ថាន​សាធារណៈ និង​ក្រុមហ៊ុន​ឯកជន​ក្តី គឺ​ហាក់​មិន​មាន​តាំង​រូប ព្រះពុទ្ធ​និង​ទង់​សាសនា ហើយ​ធ្វើ​ពិធីបុណ្យ​ឱ្យ​ឱឡារិក​នោះ​ទេ៖ «ខ្ញុំ​ចង់​ឃើញ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ត្រូវ​បាន​អប់រំ​អំពី​ពុទ្ធ​ប្រវត្តិ​អំពី​គុណ​តម្លៃ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​វិសាខ​បូជា។ ខ្ញុំ​ចង់​ឃើញ​ការ​ប្រតិបត្តិ​បុណ្យ​វិសាខ​បូជា​នេះ ឲ្យ​ធំ​ដូច​សកម្មភាព​របស់​អ្នក​នយោបាយ។ ទោះ​បី​ជា​ព្រះ​ពុទ្ធ​សាសនា មិន​មែន​ជា​រឿង​ចំណេញ​សម្រាប់​អ្នក​នយោបាយ ប៉ុន្តែ​គឺ​ជា​ការ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ យល់​ដឹង​ពី​ភាព​ត្រឹមត្រូវ ហើយ​នឹង​សច្ចភាព និង​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ហើយ​នឹង​យុត្តិធម៌​សង្គម​អី​ជា​ដើម សុទ្ធ​សឹង​តែ​ជា​គោល​ការណ៍​ព្រះ​ពុទ្ធ​សាសនា»

ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។ RFA

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​នៅ​ខេត្ត​បាត់ដំបង ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ចូលរួម​ពិធី​ដង្ហែ​ពិធី​បុណ្យ​វិសាខបូជា នៅ​វត្ត​ពោធិ៍វាល ក្រុង​បាត់ដំបង​ ដោយ​​មាន​ការ​ចូលរួម​ពី​មន្ត្រីរាជការ​សិស្សានុសិស្ស​ជាច្រើន​ផង​ដែរ ក្រោម​ការ​ដឹកនាំ​របស់​ព្រះសង្ឃ។ លោក​បញ្ជាក់​ប្រាប់​ពី​ទឹកចិត្ត​ថា មូលហេតុ​ដែល លោក​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នេះ ព្រោះ​ដើម្បី​រំលឹក​គុណ​ព្រះ​សម្មាសម្ពុទ្ធ​ដែល​បាន​រក ឃើញ​នូវ​ព្រះធម៌ ដើម្បី​ប្រៀនប្រដៅ​សត្វលោក​គ្រប់​សញ្ជាតិ​ទាំងអស់​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ វៀរចាក​នូវ​អំពើ​អាក្រក់។ លោក​ចាត់​ទុក​ខេត្ត​បាត់ដំបង ជា​ខេត្ត​គំរូ​មួយ ប៉ុន្តែ​លោក​សង្កេតឃើញ សម្រាប់​នៅ​ទូទាំង​ប្រទេស​វិញ គឺ​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា នៅ​មិន​ទាន់​បាន​អធឹក​អធម​នៅឡើយ​ទេ៖ «ចំណុច​នេះ​រដ្ឋាភិបាល រួម​ទាំង​ព្រះមហាក្សត្រ ជា​ពិសេស នាយក​រដ្ឋមន្ត្រី គប្បី​ហាមប្រាម​កុំ​ឲ្យ​មាន​តាំង​រូប​គ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា។ សូម​ឲ្យ​តាំង​រូប​ព្រះ សម្មាសម្ពុទ្ធ​ក្នុង​ថ្ងៃ​វិសាខ​បូជា​ទូទាំង​ប្រទេស ហើយ​ត្រូវ​ដឹក​នាំ​មន្ត្រី​រាជការ​ស្វែង​យល់​អំពី​បុណ្យ​វិសាខ​បូជា និង​ចូលរួម​ប្រារព្ធ​ឲ្យ​ជា​ឱឡារិក»

ចាប់​តាំង​ពី​អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ​មក ប្រទេស​ដែល​គោរព​ព្រះពុទ្ធសាសនា​ជាច្រើន​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​វិសាខបូជា​ជាស​កល ដោយ​ដាក់​ឈ្មោះថា UN-​វិសាខ ឬ​វិសាខបូជា​នៃ​អង្គការសហប្រជាជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​នៅ​ឆ្នាំ​២០១៨​នេះ និង​អត្ថន័យ​នៃ​ពិធីបុណ្យ